ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺបុកអ្នកជិះម៉ូតូស្លាប់ម្នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺបើកបុកជនរងគ្រោះពេលទំហឹង នៅគ្រាដែលជនរងគ្រោះជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្នក៏រថយន្តសង្គ្រោះបន្ទាន់បុកស្លាប់តែម្តងចំណែកអ្នកបើកបររថយន្តគេចខ្លួនបាត់ ។

ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ២៩-៣០ចំណុច ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្ត កណ្តាល។

ជនរងគ្រោះមានឈ្មោះហ៊ាង នៅ ភេទប្រុស អាយុ៥៣ ឆ្នាំ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1BD- 8937 ត្រូវរថយន្តសង្គ្រោះបន្ទាន់ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2A- 2277 បើកបរដោយឈ្មោះសួង ធី ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅ ភូមិចក ឃុំកំពុងចក ស្រុកស្វាយរៀង បើកបុកពេញទំហឹងនៅកណ្តាលផ្លូវបណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុ ។

នគរបាលចរាចរស្រុកកៀនស្វាយបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នកជំងឺនិងគ្រូពេទ្យបើកបរក្នុងទិសដៅពីខេត្តស្វាយរៀង ទៅភ្នំពេល ស្របគ្នាជាមួយអ្នកជិះម៉ូតូ ពេលមកដល់កន្លែងកើតហេតុស្រាប់តែជនរងគ្រោះដែលជិះម៉ូតូនៅពីមុខបត់ឆ្វេងមិនប្រយ័ត្ន ក៏ត្រូវរថយន្តសង្គ្រោះបន្ទាន់បើកក្នុងល្បឿនលឿនបុកម៉ូតូជនរងគ្រោះពេញទំហឹងតែម្តង ។ ក្រោយកើតហេតុអ្នកបើកបររថយន្តគេចខ្លួនបាត់ ដោយឡែកអ្នកជំងឺនិងគ្រូពេទ្យត្រូវបានរថយន្តសង្គ្រោះបន្ទាប់ប្រចាំការនៅស្រុកកៀនស្វាយដឹកបន្តយកមកសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ។

បច្ចុប្បន្នមធ្យោបាយទាំង២គ្រឿង ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ៕ សណ្តោស


ចែករំលែក៖