ព័ត៌មានទាន់ហេតុការណ៍៖

មេធាវីទំនើង អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ប្រឈមបទល្មើសឧក្រិដ្ឋ​ ,​ វប្បធម៌និទណ្ឌភាព​ គួរបញ្ឈប់ ខណៈបាត់សីលធម៍ជាអ្នកច្បាប់និងវិជ្ជាជីវៈជាមេធាវី

ចែករំលែក៖

ភ្នំពេញ៖​ មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ អត្តលេខ៩៩១​ ត្រូវបានឃាត់ខ្លួនផ្លូវការហើយ​ ក្រោយបាញ់យុវជនម្នាក់ឱ្យរបួសនិងគំរាមបាញ់យុវជនម្នាក់ទៀត​ ដែលជាការគំរាមកំហែងអាយុជីវិត។​ អំពើល្មើសនេះ​ ទំនងកើតចេញពីភាពស្រវឹង​ និង​ ចរិតក្រអឺតក្រទម​ កោងកាច​ ដែលមិត្តភក្តិជនសង្ស័យលួចបង្ហើបប្រាប់​ ។​ មជ្ឈដ្ឋានមួយចំនួន​ សង្ឃឹមថា​ វប្បធម៌និទណ្ឌភាពឬ​ភាពគ្មានទោសចំពោះជនល្មើសដែលប្រព្រឹត្ត​ គួរបញ្ឈប់​ ដើម្បីពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា​ ។

លោក​ នេត​ ស៊ីថុន​ អធិការនគរបាលខណ្ឌ៧មករា​ និយាយថា​ ពេលនេះសមត្ថកិច្ចកំពុងចាត់ការបន្តតាមនីតិវិធី​ ហើយនឹងបញ្ជូនជនសង្ស័យ​ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីចាត់ការតាមច្បាប់​ ។​ នគរបាលសន្និដ្ឋានថា​ ជនសង្ស័យ​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ បានប្រព្រឹត្តបទល្មើស”ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ និង​ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត”​ ។​

ហេតុការណ៍បាញ់យ៉ាងគន្លើននេះ​ កើតឡើងកាលពីវេលាម៉ោង២២៖៣០​ ថ្ងៃទី១៨​ ខែធ្នូ​ នៅជិតភូមិគ្រឹះ​នាយឧត្តមសេនីយ៍​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ផ្លូវលេខ២១១កែងផ្លូវលេខ២១៧​ ភូមិ៧​ សង្កាត់វាលវង់​ ខណ្ឌ៧មករា​ ។​

ក្រោយហេតុការណ៍បាញ់នេះ​ ជនរងគ្រោះពីរនាក់ជានិស្សិតសាលាច្បាប់​ បានដាក់ពាក្យបណ្តឹងប្តឹងជនសង្ស័យ​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ ដែលធ្វើឱ្យពួកគេរបួស​ និង​ រងការគំរាមកំហែងដល់អាយុជីវិត​ ។

របាយការណ៍នគរបាល​ បង្ហាញថា​ ជនសង្ស័យចេញពីហូបការគេនៅវិមានចរណៃ​ រួចជួបជុំមិត្តភក្តិហូបបន្តនៅចំណុចកើតហេតុ​ ។​ ពេលហូបនោះ​ មានការទាស់សម្តីគ្នា​ ទើបជនសង្ស័យចូលក្នុងរថយន្ត​ យកកាំភ្លើងម៉ាកទំនើបបាញ់ជនរងគ្រោះឈ្មោះ​ លី​ តុលា​ បណ្តាលឱ្យរបួសជើងខាងស្តាំនិងបន្តយកកាំភ្លើងភ្ជង់គំរាមជនរងគ្រោះម្នាក់ទៀតឈ្មោះ​ ខុន​ បញ្ញាសិទ្ធិ​ ។

អ្វីជាការកត់សម្គាល់​ គឺ​ នៅពេលសមត្ថកិច្ចចុះដល់កន្លែងកើតហេតុ​ មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ បោះពាក្យសម្តីយ៉ាងព្រហើនថា​ “គេចង់បាញ់ប៉ុន្មានគ្រាប់ទៀត​ ក៏គ្មានបញ្ហាដែរ​ “។

ការប្រព្រឹត្តរបស់មេធាវី​ អ៊ិត​ ពិសិដ្ឋរង្ស៊ី​ បានប៉ះពាល់យ៉ាងខ្លាំងក្លាដល់វិជ្ជាជីវៈមេធាវី​ តែទោះបីយ៉ាងណា​ នៅថ្ងៃទី១៩​ ខែធ្នូ​ នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកមេធាវី​ យឹម​ សារី​ អ្នកនាំពាក្យគណៈមេធាវី​ បានទេ​ ដោយសារទូរស័ព្ទចូលគ្មានអ្នកទទួល​ ។​

រាជរដ្ឋាភិបាលកម្ពុជា​ ខិតខំយ៉ាងខ្លាំងចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះ​ ។​ ប៉ុន្តែដោយសារជនឱកាសនិយមមួយចំនួន​ តែងតែឆ្លៀតយកតួនាទីប្រព្រឹត្តបទល្មើស​ ពិសេសការបាញ់បោះសេរី​ ដែលបង្កភាពអសន្តិសុខ​ក្នុងសង្គម។​ មជ្ឈដ្ឋាន​ជាច្រើន​ សង្ឃឹមថា​ ស្ថាប័នមានសមត្ថកិច្ច​ ពិសេសតុលាការអនុវត្តច្បាប់ដោយត្រឹមត្រូវ​ ពុំត្រូវរងសម្ពាធណាមួយឡើយ​ បើទោះជាមានលេចឮថា កំពុងមានអ្នករត់ការខ្វែងដៃ ខ្វែងជើងក៏ដោយ។
នគរបាលខណ្ឌ៧មករា បានអោយដឹងថា៖ មេធាវីទំនើងខាងលើនឹងបញ្ជូនទៅកាន់អយ្យការបន្តនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ៕ ចេស្តា


ចែករំលែក៖