ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហូធីបាញ់មីស៊ីលទៅលើទីក្រុង Riyadh ភាពតានតឹងរវាងសាវឌីអារ៉ាប៊ី អ៊ីរ៉ង់កាន់តែកើនឡើងខ្ពស់

ចែករំលែក៖

ភាពតានតឹងរវាងសាវឌីអារ៉ាប៊ី នឹងអុីរ៉ង់បន្តកើនឡើង ក្រោយពេលកម្លាំង ហូធីនៅប្រទេសយេម៉ែន បានបាញ់មីស៊ីលទៅកាន់ទីក្រុង Riyadh ប្រទេសសាវឌីអារ៉ាប៊ី។ ប៉ុន្តែការបាញ់នោះ ត្រូវបានរារាំងដោយជោគជ័យពីមីស៊ីលការពាររបស់សាវឌីអារ៉ាប៊ី។ ពលរដ្ឋនៅទីក្រុងរីយ៉ាដ មានការបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពវាយប្រហារខាងលើ។ ប្រសិនបើប្រព័ន្ធការពារមិនអាចរារាំងបានទេ នោះនឹងមានអ្នកស្លាប់របួសជាច្រើន។

ក្រោយការបាញ់មីស៊ីលថ្មីបំផុតទៅលើសាវឌីអារ៉ាប៊ី មានឃ្លីបវីដេអូជាច្រើន ស្តីពីសកម្មភាពបាញ់ប្រហារបង្ហោះតាមបណ្តាញសង្គម បង្កឲ្យមានការប្រឈមមុខដាក់គ្នារវាងសាវឌីអារ៉ាប៊ី នឹងអុីរ៉ង់សារជាថ្មី។

សាវឌីអារ៉ាប៊ី និងអុីរ៉ង់ជាប្រទេសដែលគាំទ្រ ក្រុមផ្សេងគ្នានៅក្នុងសង្គ្រាមស៊ីវិលនៅយេម៉ែន។ ការវាយប្រហារតាមដែនអាកាសរបស់សម្ពន្ធអារ៉ាប់ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ធ្វើឲ្យពលរដ្ឋរាប់ពាន់នាក់ស្លាប់ ប៉ុន្តែមិនអាចកម្ចាត់ក្រុមហ៊ូធីបានឡើយដោយសារតែមានការគាំទ្រពីប្រទេសអុីរ៉ង់។

ក្រុមហូធីបានបាញ់មីស៊ីលជាច្រើនលើក ទៅកាន់ប្រទេសសាវឌីអារ៉ាប៊ី ដោយយកមូលហេតុសងសឹកដល់ការវាយប្រហារតាមយន្តហោះទៅលើ កម្លាំងទាហានរបស់ខ្លួន។ កម្លាំងហូធីដែលគ្រប់គ្រងរដ្ឋធានីរបស់យេម៉េនបានប្រកាសថា នឹងប្រើប្រាស់មីស៊ីលចាស់ដែលមាននៅក្នុងឃ្លាំងរបស់ខ្លួន។

នៅក្នុងសង្គ្រាមវាយប្រហារនាពេលថ្មីៗនេះរបស់ក្រុមហូធី គឺចំគោលដៅបានយ៉ាងល្អ ធ្វើឲ្យមានការសង្ស័យថា អុីរ៉ង់ជាអ្នកជួយពីក្រោយដោយផ្ទាល់នៅក្នុងសកម្មភាពវាយប្រហារខាងលើ។ ប៉ុន្តែអុីរ៉ង់បានច្រានចោលជាបន្តបន្ទាប់នៅការចោទប្រកាន់ថា ខ្លួនផ្តល់អាវុធទៅឲ្យក្រុមហូធី។ ជាមួយគ្នានេះ សារព័ត៌មាន Sky News បានផ្សាយថា កម្លាំងក្រុមឧទ្ទាមហេបូឡាស បានផ្តល់អាវុធ និងជួយផ្តល់បច្ចេកវិទ្យា ក្នុងការបាញ់មីស៊ីលឲ្យបានចាំគោលដៅ។

ហេបូឡាសជាក្រុមឧទ្ទាមអ៊ិស្លាមស៊ីអុីត នៅលីបង់ និងជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធជាមួយអុីរ៉ង់ បានបញ្ជូនទីប្រឹក្សាយោធាជាច្រើនទៅកាន់យេម៉ែនជួយដល់ក្រុមហូធី ប្រឆាំង និងសាវឌីអារ៉ាប៊ី។ ក្រុមហេបូឡាស អាចជួយអភិវឌ្ឍន៍មីស៊ីលរបស់ក្រមហូធី ដោយសម្ភារមីស៊ីលនាំចូលពីប្រទេសអុីរ៉ង់។

ការវាយប្រហារនៅក្នុងប្រទេសយេម៉ែនបានធ្វើឲ្យស្ត្រី និងកុមាររងផលប៉ះពាល់យ៉ាងខ្លាំង។ កន្លងមកស្ត្រី៨នាក់ និងកុមារ២នាក់ មកពីគ្រួសារយេម៉ែនតែមួយ បានស្លាប់នៅពេលដែលកងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បើកការវាយប្រហារតាមអាកាសមួយចំកន្លែងរៀបពិធីអាពាហ៍ពិពាហ៍ នៅប្រទេសយេម៉ែន។

ចំណែកមន្ត្រីនាំពាក្យឲ្យកងកម្លាំងចម្រុះ ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត ដែលបានបដិសេធថា មិនមានការវាយប្រហារលើជនស៊ីវិល និងនិយាយថា រាល់របាយការណ៍ អំពីការវាយប្រហារទាំងអស់ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត មិនបានផ្តល់ការឆ្លើយតបណាមួយ ចំពោះអ៊ីម៉ែលស្នើសុំសេចក្តីអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង៦ម៉ឺននាក់បានស្លាប់ ឬក៏រងរបួស នៅក្នុងសង្គ្រាមយេមែន ដែលធ្វើឲ្យមនុស្សជាង២លាននាក់ បោះបង់ចោលផ្ទះសម្បែង និងបង្កឲ្យមានជំងឺអាសន្នរោគឆ្លងមនុស្សជាង១លាននាក់៕ ម៉ែវ សាធី


ចែករំលែក៖