ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញអគ្គីភ័យផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ ហ្វឹកហាត់យ៉ាងស្ទាត់ជំនាញ និងទ្រៀមខ្លួនហើយជាស្រេច ខណៈរដូវប្រាំងឈានចូលយកដល់ក្រែងមានហានិភ័យណាមួយកើតឡើងជាយថាហេតុ ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ប្រតិបត្តិការហ្វឹកហាត់ខាងលើនេះធ្វើឡើងនាព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចដីវាលមួយកន្លែង ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា កិច្ចប្រតិបត្តិការការហ្វឹកហាត់របស់កម្លាំងនគរបាលជំនាញអគ្គីភ័យផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរខាងលើនេះ ធ្វើឡើងឲ្យបានស្ទាត់ជំនាញក្នុងការអន្តរាគមន៍ នៅគ្រាដែលមានហានិភ័យកើតឡើងដោយយថាហេតុ ព្រោះរដូវជារដូវប្រាំងក្តៅខ្លាំងហួតហែងនឹងឈានចូលមកដល់ហើយ។
លោកបន្តថា ការហ្វឹកហាត់នេះវាមានសារៈសំខាន់ខ្លាំងណាស់បើយើងគ្មានជំនាញពិតប្រាកដទេនោះ ពិតជាមានផលលំបាកខ្លាំងណាស់ក្នុងការអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យណាមួយដែលបានកើតឡើងជាយថាហេតុ ចំណុចនេះកម្លាំងតាមមូលទៀមទារចាំបាច់ចេះស្ទាត់ជំនាញពិតប្រាកដ ដើម្បីបំរើផលប្រយោជន៍រួមពិសេសប្រជាពលរដ្ឋយើងក្នុងមូលដ្ឋាន។
លោកថា ការហ្វឹកហាត់នេះពិសេសជាងនេះនោះ សម្រាប់កម្លាំងមន្រ្តីជំនាញរបស់យើងមួយចំនួនមិនទាន់មានជំនាញពិតប្រាកដនៅឡើយនោះ ខណៈដែលកម្លាំងមន្រ្តីជំនាញពិតប្រាកដមួយចំនួនបានចូលនិវត្តន៍ជាបណ្ដើរៗ ដូច្នេះយើងត្រូវការហ្វឹកហាត់រកជំនាញពិតប្រាកដដល់មន្រ្តីបន្តវេណរបស់យើង សម្រាប់ការពារផលប្រយោជន៍សាធារណៈ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា៕ ប៉ឹម ពិន