ខេត្តឧត្តរមានជ័យ៖ នារសៀលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ លោក ស ថាវីអភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និង លោកយឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ចើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និង ជូនដំណើរយុទ្ធជនស្មគ្រ័ចិត្តចូលបម្រើក្នុងជួរយោធពលខេមរភូមិន្ទបំពេញក្របខណ្ឌ័ឲ្យយោធភូមិភាគទី១ កងទ័ពជើងគោក និង ចូលសាលាហ្វឹកហ្វឺននៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ ។
លោកឧត្តមសេនីត្រីតន់ ញានមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ អញ្ចើញធ្វើរបាយការណ៍លំអិតអំពីចំនួនយុទ្ធជនស្មគ្រ័ចិត្តចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលចូលរួមហ្វឹកហាត់ពីយុត្តិវិធីកងទ័ព
ដើម្បីឲ្យប្អូនៗជាយុទ្ធជនទាំងអស់យកចំណេះ ដែលបានមកពីគ្រូឧទ្ទេសយកមកអនុវត្តន៍ជួយជាតិមាតុភូមិ នៅពេលមានការចាំបាច់ ហើយលោកក៍បានជំរាបជូនពីការដាក់បទបញ្ជាផ្ទៃក្នុងដល់នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានទាំងអស់ត្រូវយកចិត្តទុកដាក់ និងសហការជាមួយនិងអាជ្ញាធរដែនដី អង្គភាពពាក់ពន្ធ័ដទៃ ពិសេសថ្មីៗនេះ បានសហការជាមួយអាជ្ញាធរក្រុងចុះអនុវត្តន៍រុះរើស្លាកអតីតគណបក្សសង្គ្រោះជាតិបានចំនួន១០០ស្លាក និង បានចូលរួមជាប្រចាំជាមួយនឹងការងារសង្គមផងដែរ ។
លោកស ថាវី អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ចើញមានប្រសាសន៍ផ្តាំផ្ញើ និងលើកឡើងពីសភាពការណ៍នយោបាយថ្មីៗ ដើម្បីបញ្ជៀបដល់ប្អូនៗដែលជាយុទ្ធជនថ្មីៗ ឲ្យខិតខំតាមដាននិងគោរពបទបញ្ជាផ្ទៃក្នុងរបស់កងយោធពលខេមរភូមិន្ទ ពិសេសការញុះញង់របស់ទណ្ឌិតសម រង្សីដល់បានឲ្យកងទ័ពបង្វែរកាណុងមករករាជរដ្ឋាភិបាលស្របច្បាប់ នឹង ថ្កល់ទោសដល់ជននេះ ជាអតិប្បរមាទៀតផង ។ ទាក់ទងទៅនឹងការរំលាយគណបក្សមួយនោះផងដែរ គឺជានីតិវិធីរបស់តុលាការកំពូល មិនមែនរាជរដ្ឋាភិបាលជាអ្នកធ្វើទេ ដូច្នេះសូមប្អូនៗត្រូវដឹងឲ្យបានច្បាស់ ។
សូមឲ្យប្អូនៗយកចិត្តទុកដាក់ទៅលើមេរៀនរបស់គ្រូឧទ្ទេស និងហាត់ពត់លត់ដំខ្លួនគឲ្យក្លាយជាកងទ័ពគំរូទៅថ្ងៃអនាគត ពីព្រោះប្អូនៗជាទាហ៊ានបន្តវេនពីបងៗដែលគាត់ចាស់ៗចូលនិវត្តន៍ ដូច្នេះតទៅគឺមានតែប្អូនៗហ្នឹងហើយជាអ្នកបន្តវេនដើម្បីជួយដល់សង្គមជាតិរបស់យេីងទៅថ្ងៃក្រោយ៕ ប៉ែន នួន