ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនកាលពីរំលងអធ្រាត្រឈានចូល ថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ។
ជនសង្ស័យទាំង២នាក់នេះ ទី១/ឈ្មោះ នួន ហាណាហ្វា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែឥស្លាម មានទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ(ជួញដូរ) និងទី២/ឈ្មោះ លិម ពេជ្រ ហៅឡូយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅផ្ទះជួល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ។ វត្ថុតាងដកហូតពីជនសង្ស័យ រួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន៨កញ្ចប់ ដែកសំប៉ែតកែច្នៃមួយ(សម្រាប់កាច់សោ.កម៉ូតូ) កន្ត្រៃតូចមួយ ដែកកេះមួយ និងម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១Q-១៤០។
បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌឫស្សីកែវ កំពុងបន្តការស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី៕ អរុណរះ