ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នារបួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៥រសៀលថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ មានករណីម៉ូតូ២គ្រឿងបុកគ្នា ម៉ាកគុប១គ្រឿង និងម៉ាកហុងដា ឌ្រីមសង់១ គ្រឿង បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់២នាក់។

ហេតុការណ៍នេះបានកើតឡើងនៅបណ្តោយផ្លូវជាតិលេខ៥ ចំណុចគីឡូម៉ែត្រលេខ១៨៤ លេខ១៨៥ ភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ មានម៉ូតូ១គ្រឿងម៉ាក គុបមូល ពាក់ស្លាកលេខ ពោធិ៍សាត់ ក ២៥៦១ ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ប្រាក់ សុថា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រងរបួសក្បាលធ្ងន់ ហើយមានម៉ូតូហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C 7527 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ យឹម ផល្លា ភេទប្រុស រស់នៅភូមិកែវសុវណ្ណក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក៏បុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ត្រង់ក្បាលផងដែរ។

ជនរងគ្រោះទាំង២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញ៕ ប៉ឹម ពិន

 


ចែករំលែក៖