រដ្ឋាភិបាលទីក្រុងមូស្គូនិងទីក្រុងប៉េកាំងបានឡើងគម្រោងតបត ក្រោយពេលប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ប្រកាសពីគោលនយោបាយសន្តិសុខជាតិថ្មីនៅឆ្នាំ ២០១៨ ដោយចាត់ទុករុស្ស៊ីនិងចិន ជាគូ ប្រជែង។
កន្លងមកលោកត្រាំប្រកាសថា ចិននិង រុស្ស៊ីគឺជាគូប្រជែងធំបំផុត នៅក្នុងអាណត្តិ ដឹកនាំរបស់លោក ។ នៅក្នុងគោលនយោបាយសន្តិសុខជាតិមានប្រវែង៦៨ទំព័រពឹង ផ្អែកទៅលើគោលនយោបាយ «អាមេរិក ជាដំបូង»។
រដ្ឋាភិបាលទីក្រុងប៉េកាំងនិង មូស្គូ ត្រូវ បានអាមេរិកចាត់ទុកថា ជាការគំរាម កំហែង ដល់ភាពមានបានរបស់អាមេរិក និងតម្លៃថ្លៃថ្នូរ ព្រមទាំងខិតខំធ្វើឲ្យសន្តិ សុខអាមេរិក ត្រូវគំរាមកំហែង។
ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា «អាមេរិកគួរតែបញ្ចប់នូវ ការបំភ្លៃ ពីគោល នយោបាយយុទ្ធសាស្ត្ររបស់ចិន ហើយ បោះបង់នូវទស្សនៈ កាលពីសម័យសង្គ្រាម គឺជារឿងហួសសម័យទៅហើយ។បើមិន ដូច្នេះទេនឹងធ្វើឲ្យខាតបង់ទាំងសងខាង។
ក្រោយរដ្ឋបាលអាមេរិកចោទថា ចិន និងរុស្ស៊ីគំរាមសន្តិសុខអាមេរិក ចិននិង រុស្ស៊ីមិនបានបង្អង់យូរទេ បានបញ្ចេញប្រតិ កម្មតបវិញ។ ចិននិងរុស្ស៊ីបានបរិហារពីគោលគំនិតសង្គ្រាមត្រជាក់ និងគំនិតចក្រពត្តិរបស់អាមេរិក។ ចិនជំរុញឲ្យអាមេរិកឈប់និយាយផ្តេសផ្តាសពីបំណងយុទ្ធ សាស្ត្ររបស់ចិន ឲ្យអាមេរិកបោះបង់ចោលគោលគំនិតសង្គ្រាមត្រជាក់ដ៏ហួសសម័យរបស់ខ្លួន។ ចំណែករុស្ស៊ីវិញលើកឡើងថា មិនអាចទទួលយកបានឡើយ ការដែល អាមេរិកចាត់ទុករុស្ស៊ី ថាគំរាមសន្តិសុខ ជាតិអាមេរិក។
របាយការណ៍យុទ្ធសាស្ត្រសន្តិសុខប្រធានាធិបតីអាមេរិកផ្តោតលើអាទិភាព៤ចំណុចៈ
អាទិភាពទាំង៤ចំណុច ទី១-គឺការពារប្រជាជន ការពារជាតិ ទី២-លើកតម្កើង ភាពរុងរឿងជាតិ ទី៣ ប្រើកម្លាំងរក្សាសន្តិ សុខ និងទី៤គឺពង្រីកឥទ្ធិពលអាមេរិក។ ដើម្បីសម្រេចបានអាទិភាពទាំងនេះ អាមេរិកផ្តោតលើវិធានការប្រយុទ្ធប្រឆាំងនឹងអន្តោប្រវេសន៍ខុសច្បាប់។ អាមេរិកនៅតែបន្តចង់សង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិចស៊ិក ចង់បញ្ចប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងដើម្បីទទួលបានវីសាទៅអាមេរិក។
ក្រៅពីនេះ សេតវិមានក៏បានលើកឡើងពីប្រទេសដែលអាមេរិកចាត់ទុកថា គំរាម កំហែងសន្តិសុខជាតិអាមេរិកដែរនោះគឺ កូរ៉េខាងជើង ដូចយើងបានដឹងកន្លងមក ហើយក្នុងនោះក៏មានអុីរ៉ង់ក្នុងបញ្ជីផងដែរ។ រដ្ឋបាលលោកត្រាំចាត់ទុកដែរថា ក្រុមជ្រុលនិយមអ៊ិស្លាម គំរាមសន្តិសុខ ជាតិអាមេរិក។
ដោយឡែក លោកដូណាល់ ត្រាំ មិនបានចាត់ទុកការប្រែប្រួលអាកាសធាតុថា ជាការគំរាមសន្តិសុខអាមេរិកទេ។ មិនដូច លោកអូបាម៉ាអាណត្តិមុនឡើយ។ រដ្ឋបាល លោកអូបាម៉ាអាណត្តិមុន ចាត់ទុកថា ការប្រែប្រួលអាកាសធាតុប៉ះពាល់រហូតទៅ ដល់សន្តិសុខផែនដីទៀតផង។ តែលោក ត្រាំមិនគិតដូចគ្នាទេ។ កន្លងមក លោក ត្រាំបានដកអាមេរិកពីកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។ លោកពន្យល់ថា រដ្ឋាភិបាលអាមេរិកប្រកាន់ជំហរអព្យាក្រឹត្យរវាងតម្រូវការថាមពល ការអភិវឌ្ឍសេដ្ឋកិច្ច និងការការពារបរិស្ថាន។ ដើម្បីការពារ បរិស្ថាន សេតវិមានផ្តោតយុទ្ធសាស្ត្រទៅលើការរីកចម្រើនបច្ចេកវិទ្យា ឬធ្វើអ្វីៗ ឲ្យកាន់តែទំនើបជាដើម។
ឃើញថាយុទ្ធសាស្ត្រការពារបរិស្ថាន របស់រដ្ឋបាលលោកត្រាំ ខុសពីរដ្ឋបាល លោកអូបាម៉ា។ លោកត្រាំ ច្បាស់ជាគិត ដល់សេដ្ឋកិច្ចអាមេរិកជាធំហើយ ទើបបាន ជាមិនចង់ធ្វើអ្វីដូចគេ ក្នុងការការពារបរិ ស្ថាន ព្រោះថា បើធ្វើតាមកិច្ចព្រមព្រៀង ក្រុងប៉ារីស កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់វាអាចប៉ះពាល់ដល់ផលប្រយោជន៍សេដ្ឋកិច្ច។ ដូច្នេះអាមេរិកចង់ធ្វើអ្វីដែលខ្លួនអាចធ្វើបាន ពោលគឺដូចលោកត្រាំថាអ៊ីចឹង អាមេរិកខា ហ្វឺស “America First “ គឺអាមេរិកត្រូវគិតខ្លួនឯងជាមុនសិនហើយចង់ផែនដីកើន កម្ដៅយ៉ាងម៉េចក៏យ៉ាងហ្នឹងទៅ ។
សេតវិមានបានចេញរបាយការណ៍យុទ្ធសាស្ត្ររបស់ប្រធានាធិបតីអាមេរិក ចោទ ចិន និងរុស្ស៊ីចំមុខតែម្តងថា គំរាមសន្តិសុខ និងភាពរុងរឿងរបស់ជាតិអាមេរិក។ តាំង តែពីលោកដូណាល់ ត្រាំ ជាប់ឆ្នោតមក មានពាក្យចចាមអារ៉ាម និងការសង្ស័យថា រុស្ស៊ីលូកដៃចូលការបោះឆ្នោតអាមេរិក ឆ្នាំ២០១៦ ជួយឲ្យលោកត្រាំ បានឈ្នះ ឆ្នោត។ អាមេរិកក៏ស៊ើបអង្កេតលើរឿងនេះ ដែរ។
ជាទូទៅ អ្នកនយោបាយអាមេរិកមិន ពេញចិត្តរុស្ស៊ីទេ ហើយក៏គ្មានអ្វីពិបាក ឆ្ងល់ដែរ ពេលឃើញសេតវិមាន ចុះផ្សាយរបាយការណ៍ ថារុស្ស៊ីគំរាមសន្តិសុខអាមេ រិកនោះ។ របាយការណ៍សេតវិមានលើក ឡើងថា រុស្ស៊ីដាក់ឥទ្ធិពលក្នុងប្រព័ន្ធអ៊ីនធើណេត រឬក៏ព័ត៌មានវិទ្យា នៅទូទាំងពិភព លោក។ សម្រាប់អាមេរិក រឿងនេះវាប៉ះ ពាល់ប្រជាធិបតេយ្យច្បាស់ណាស់។ ដោយ ឡែក រដ្ឋបាលលោកដូណាល់ ត្រាំ មិន ហ៊ានចោទរុស្ស៊ីចំៗថា លូកដៃក្នុងការបោះ ឆ្នោតអាមេរិកទេ ព្រោះលោកដូណាល់ ត្រាំ មិនទទួលស្គាល់ថា លោកបានជាប់ឆ្នោតដោយសារបានរុស្ស៊ីជួយជ្រោមជ្រែងឡើយ។
បើយោងតាមសារព័ត៌មានReuters វិញ អាមេរិកបានផ្ញើតេឡេក្រាមទៅឲ្យស្ថានទូត ខ្លួននៅទូទាំងពិភពលោក ដោយ ពន្យល់ថា រុស្ស៊ីប៉ុនប៉ងធ្វើមិនឲ្យអឺរ៉ុបមិន ទុកចិត្តចំពោះការសន្យារបស់អាមេរិក ហើយថែមទាំងថា រុស្ស៊ីឈ្លានពានអ៊ុយ ក្រែន និងហ្ស៊កហ្ស៊ី ដែលសបង្ហាញថា រុស្ស៊ីចង់ប្រើកម្លាំងបាយប៉ះពាល់បូរណភាពរដ្ឋនានាក្នុងតំបន់។
សេតវិមានប្រហែលមិនសប្បាយចិត្តនឹងលោកពូទីនប៉ុន្មានទេ បានជាហ៊ានចោទ រុស្ស៊ីធ្ងន់ធ្ងរយ៉ាងនេះ ព្រោះក្នុងសន្នសីទ កាសែតថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ីបានរិះគន់អាមេរិកយ៉ាងចាស់ដៃដែរទាក់ទង បញ្ហានុយក្លេអ៊ែរ។ លោកពូទីនថា អាមេរិកបានប្រើអាវុធនុយក្លេអ៊ែរ២លើក ទម្លាក់ នៅជប៉ុន ដោយគ្មានលេសអះអាង។ លោកពូទីនប្រាប់អ្នកកាសែតថា កូរ៉េខាងជើងចង់គិតរឿងនុយក្លេអ៊ែរឡើងវិញ ក៏ ដោយសារតែឃើញអាមេរិកធ្វើសកម្មភាពប្រឆាំងលីប៊ី និងអ៊ីរ៉ាក់ដែរ។
សេតវិមានច្បាស់ជាខឹងនឹងលោកពូទីនមិនស្ទើរទេ។ ដូច្នេះហើយទើបក្នុងផែនការយុទ្ធសាស្ត្រសន្តិសុខជាតិអាមេរិក អាមេរិកត្រូវតែរកគន្លឹះចោទទៅរុស្ស៊ីវិញ។ លោកដូណាល់ ត្រាំ លើកឡើងថា ការណ៍ដែលអាមេរិកខំសហការជាមួយរុស្ស៊ី ទប់ ស្កាត់ភេរវកម្មនៅសុីរីនោះ ក៏ដោយសារតែដើម្បីការពារជាតិអាមេរិកដែរ។
ទាក់ទងនឹងចិនវិញ សេតវិមានរិះគន់ចិនពីនយោបាយពាណិជ្ជកម្ម និងការពង្រីកទីតាំងនៅសមុទ្រចិនខាងត្បូង។ សេតវិមាន ចោទថា ចិនលួចថវិការាប់រយពាន់លាន ដុល្លារ រៀងរាល់ឆ្នាំទាក់ទងនឹងកម្មសិទ្ធិបញ្ញា។ អាមេរិកតែងចោទថា ចិនរកស៊ីមិនស្មោះត្រង់ជាប្រចាំទៅហើយ។ សេតវិមានចោទថាចិនលួចយកទិន្នន័យអាមេរិក ចោទថាចិនចង់ចែកចាយប្រព័ន្ធផ្តាច់ការនៅ អាស៊ី។
និយាយរួមមកវិញ លោកដូណាល់ ត្រាំ យល់ថា ការប្រឹងប្រែងជួយឲ្យរុស្ស៊ី និងចិនបានសម្របខ្លួនទៅក្នុងស្ថាប័នអន្តរជាតិ កន្លងមក ការប្រឹងប្រែងនេះគឺបរាជ័យ ហើយ។ ដូច្នេះ អាមេរិកចង់សើរើមើលនយោបាយនេះឡើងវិញ៕ ម៉ែវ សាធី