ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីឃាត់ខ្លួនក្រុមជនខិលខូចចំនួន៣នាក់ដែលតែងតែយកឈ្មោះថ្នាក់ដឹកនាំទៅបោកប្រាស់ដើម្បីដំឡើងឋានន្តរស័ក្ដិផ្ទេរតំណែងឡើង កាំប្រាក់ និងរត់ការផ្សេងៗក្នុងជួរមន្ដ្រីរាជការនោះកម្លាំងនគរបាលខេត្តត្បូងឃ្មុំបានបន្តក្របួចបានមេខ្លោងម្នាក់ទៀតហើយ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា មេខ្លោងដែលតែងតែប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំដើម្បីបោកប្រាស់រឿងរត់ការដំឡើង ឋានន្តរស័ក្ដិផ្ទេរតំណែងនេះត្រូវបានឃាត់ខ្លួននៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តត្បូងឃ្មុំ ។
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៣និង៣០នាទីរសៀលកម្លាំងអធិការដ្ឋានស្រុកស្វាយអន្ទរបានសហការកម្លាំងជំនាញនគរបាលខេត្តព្រៃវែង និងកម្លាំងជំនាញ នគរបាលខេត្តត្បូងឃ្មុំបានឃាត់ខ្លួនជន សង្ស័យឈ្មោះ សួន មុនី ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅភូមិវាលតូច ឃុំដំរីពួន ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែងពីបទឆបោកមានស្ថានទម្ងន់ទោសដោយតាំងខ្លួនជាមន្រ្តីរាជការសាធារណៈប្រព្រឹត្តនៅខេត្តត្បូងឃ្មុំជន សង្ស័យបានប្រគល់ខ្លួនជូនកម្លាំងការិយាល័យជំនាញនគរបាលខេត្តត្បូងឃ្មុំ ។
គួរបញ្ជាក់ថា ជនសង្ស័យ៣នាក់ត្រូវ បានបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំកាល ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីកម្លាំង នគរបាលខេត្តត្បូងឃ្មុំសហការនគរបាលស៊ើបការណ៍និងបច្ចេកទេស និងប្រឆាំង បទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាន នគរបាលជាតិចាប់ខ្លួនកាលពីថ្ងៃ១៣ ខែធ្នូ នៅភូមិនិគមក្រោម ឃុំស្រឡប់ ខេត្តត្បូងឃ្មុំក្រោមបទល្មើសប្រើប្រាស់ឈ្មោះថ្នាក់ ដឹកនាំរត់ការដំឡើងឋានន្តរស័ក្ដិ និងផ្ទេរ តំណែង ។
ជនសង្ស័យខាងលើបានយកឈ្មោះ ថ្នាក់ដឹកនាំនៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, ក្រសួងមុខងារសាធារណៈ, ក្រសួងមហាផ្ទៃសម្រាប់រត់ការដំឡើងឋានន្តរ ស័ក្តិ ផ្ទេរតំណែង រកបច្ច័យចូលបុណ្យ ឡើង កាំប្រាក់ និងរត់ការផ្សេងទៀត។ ជនសង្ស័យ ទាំង៤រួមមាន ទី១-ឈ្មោះ ខន សុម៉ាលី ហៅស្រីទូច, ទី២-ឈ្មោះ ថា សុផាត ត្រូវ ជាប្ដី និងទី៣-ឈ្មោះ ខន សុរិយា ហៅ ស្រីពៅ ជាប្អូនរបស់ឈ្មោះ ខន សុម៉ាលី (ជាអ្នកបំផ្លាញវត្ថុតាង) និងឈ្មោះ សួន មុនី ជាមេខ្លោង ។
ពួកគេបានប្រើទូរស័ព្ទសម្រាប់ធ្វើសកម្មភាពឆបោកមនុស្សជាច្រើននិងបានប្រើ ទូរស័ព្ទលេខ 092249333, 092615522, 0965520906, 0974465888, 097 2803666, 0978252666 និង 031 7644448 ៕ ហេង សូរិយា