ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារពិភពលោកថាការរីកលូតលាស់ដ៏ឆាប់រហ័សនៃទីក្រុងភ្នំពេញបានរួមចំណែកបង្កើនឱកាសការងារនិងកាត់បន្ថយភាពក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ តាមការរកឃើញថ្មីមួយរបស់ធនាគារពិភពលោក (World Bank) ស្តីពី ការអភិវឌ្ឍទីក្រុងនៅរាជធានីភ្នំពេញដែលទើបចេញផ្សាយកាលពីថ្ងៃពុធ ៣កើត ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ បានលើក ឡើងថា ការរីកលូតលាស់ដ៏ឆាប់រហ័សរាជធានីភ្នំពេញក្នុងរយៈពេល១០ឆ្នាំកន្លងទៅបានចូលរួមចំណែកបង្កើនឱកាសការងារនិងកាត់បន្ថយភាពក្រីក្រ ។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកបានលើកឡើងថា ការផ្តោត ការយកចិត្តទុកដាក់លើការលើកម្ពស់ផែនការគ្រប់គ្រង និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងត្រូវការជាចាំបាច់ដើម្បីចៀសវាងការរីក រាលដាលភាពគ្មានសណ្តាប់ធ្នាប់ ការស្ទះ ចរាចរណ៍ និងការបំពុលផ្សេងៗ ។

របាយការណ៍ដែលមានចំណងជើងថា ការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញបាន លើកឡើងភាពប្រឈមជាច្រើនក្នុងការផ្តល់ជាសេវាកម្មជាមូលដ្ឋានដែលរួមមានប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវា ដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រង កាកសំណល់រឹង។ ការគ្រប់គ្រងនិងការផ្តល់ ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹង អភិបាលកិច្ច និងការផ្តល់សេវាកម្មក៏ជួប បញ្ហាប្រឈមផងដែរ ។

ទោះបីជាមានដំណើរការរៀបចំក្រុង ដែលមានស្រាប់ក៏ដោយក៏ការផ្តល់ហិរញ្ញប្បទាន និងសមត្ថភាពបច្ចេកទេសជាញឹក ញាប់បង្កឧបសគ្គជាច្រើនដល់ផែនការ អភិវឌ្ឍទីក្រុង ទីតាំងនិងផែនការប្រើប្រាស់ ដី ជាពិសេសនៅថ្នាក់ខណ្ឌនិងសង្កាត់ ។

លោកស្រី អុីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចំាកម្ពុជា បានថ្លែងថា រាជធានីភ្នំពេញប្រឈមនឹង ឱកាសដ៏សំខាន់មួយក្នុងការកែខៃទីក្រុងជាវិជ្ជមានមួយសម្រាប់អនាគតរបស់ខ្លួន ការបង្កើតការងារឲ្យបានច្រើនថែមទៀត និងការបង្កលទ្ធភាពឲ្យមានសេវាកម្មកាន់តែប្រសើរជាងមុន ។

លោកស្រីបានបន្ដថា ការអភិវឌ្ឍទីក្រុងដែលមានការគ្រប់គ្រងនិងរៀបចំផែនការបានល្អអាចជួយធ្វើឲ្យទីក្រុងមានភាពល្បីល្បាយក្នុងការធានាឲ្យមានស្តង់ដាររស់នៅប្រសើរសម្រាប់អនាគតមនុស្សជំនាន់ក្រោយផងដែរ ។

របាយការណ៍នេះបានផ្តល់អនុសាសន៍ ជាច្រើនដើម្បីធ្វើឲ្យរីកលូតលាស់នៅក្នុង ទីក្រុងកាន់តែមានលក្ខណៈប្រកួត ប្រជែង កាន់តែមាននិរន្តរភាព និងកាន់តែគ្រប ដណ្តប់ទូលំទូលាយលើវិស័យសំខាន់ៗ ចំនួន៤ ៖

ទី១-ត្រូវកែលម្អស្ថាប័ន និងអភិបាលកិច្ចដើម្បីឲ្យទីក្រុងអាចអភិវឌ្ឍទៅបានប្រកបដោយភាពសុខដុម និងមានប្រសិទ្ធភាព ជាងមុន ។

ទី២-ត្រូវកែលម្អផែនការរៀបចំទីក្រុង និងការអនុវត្តផែនការតាមរយៈការបង្កើតបទដ្ឋានគតិយុត្តិ ក្របខ័ណ្ឌច្បាប់ និងពង្រឹង ផែនការរៀបចំទីក្រុងដែលមានស្រាប់ ។

ទី៣-ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទីក្រុងដែលប្រកបដោយនិរន្តរភាពដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅនិងភាពប្រកួតប្រជែង ។

ទី៤-ត្រូវធានាថា ការរៀបចំទីក្រុងត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីចៀសវាងកុំឲ្យមានវិសមភាព ។

លោកស្រី ជូឌី បេគ័រ ប្រធានសេដ្ឋកិច្ច វិទូរបស់ធនាគារពិភពលោកដែលជាអ្នក និពន្ធម្នាក់ក្នុងចំណោមអ្នកនិពន្ធជាច្រើន បានថ្លែងថា ទីក្រុងទាំងឡាយដែលមាន ផែនការល្អធ្វើឲ្យគេអាចគ្រប់គ្រងបានល្អនូវអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គម ផ្នែកនគរូបនីយកម្មនិងអាចបង្កើតបានជាទីកន្លែង ដែលមានលក្ខណៈរស់រវើកអាចរស់នៅ បាន និងមានទីធ្លាប្រសើរ ។

លោកស្រីបានបញ្ជាក់ថា ផែនការនេះ អាចធ្វើទៅបានយ៉ាងល្អសម្រាប់រាជធានី ភ្នំពេញក៏ប៉ុន្តែវានឹងជាដំណើរការមួយដែលមានរយៈពេលវែងទាមទារឲ្យមានការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ប្រជា ពលរដ្ឋ និងវិស័យឯកជន ៕ ហេង សូរិយា


ចែករំលែក៖