ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូន ម្ចាស់រថយន្តបើកបុកអ្នកជិះម៉ូតូរបួសធ្ងន់ ស្រាលពីរនាក់ នៅស្រុកកៀនស្វាយ មកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរនីតិវិធីទៅតាមផ្លូវច្បាប់។
បច្ចប្បន្នជនបង្កកំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល។ សូមជម្រាបថា: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើកម៉ូតូ ជិះបត់មិនប្រយត្ន័ ត្រូវរថយន្តបើកបុក។
ហេតុការណ៍ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៩និង៣០នាទី នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤២-៤៣ចំណុច ភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។
នគរបាលចរាចរណ៍បានឲ្យដឹងថា: ករណីនេះកើតឡើងរវាងរថយន្តម៉ាកSSANG YONG ISTANA ពណ៌ទឹកប្រាក់ ប្រភេទដឹកនាក់ដំណើរធុនតូច ពាក់ផ្លាកលេខ ភ្នំពេញ 2AP-6431 បើកបរដោយឈ្មោះផា ភាស់ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិដូមា ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលបើកមាន ទិសដៅពីអ្នកលឿងទៅភ្នំពេញ ដោយដឹកអ្នកដំណើរចំនួន១២នាក់។ ពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយម៉ូតូម៉ាក HONDA SCOOPY-I 110 ពណ៌ស ប្រភេទ ស្រី ពាក់ផ្លាក ភ្នំពេញ 1W- 0914បើកបរដោយឈ្មោះឡន ឌី ភេទស្រី អាយុ៤៨ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយមានអ្នករួមដំណើរម្នាក់ ឈ្មោះវ៉ន ជីវ៉ា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិព្រែកត្រែង២ ជាមួយគ្នា ដែលបើកមានទិស ដៅស្របគ្នាហើយបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង បណ្តាលឲ្យរបួសធ្ងន់ឈ្មោះឡន ឌី របួសស្រាល ឈ្មោះវ៉ន ជីវ៉ា បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យជោរៃភ្នំពេញ។
ចំពោះអ្នកបើកបររថយន្ត ឈ្មោះផា ភាស់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។ ម៉ូតូខូចស្រាល១រឿង រថយន្តខូចស្រាល១គ្រឿង យកមករក្សាទុកជា ភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុក កៀនស្វាយ។
តាមការសន្និដ្ឋានៈ អ្នកបើកបរម៉ូតូឈ្មោះ ឡន ឌី ធ្វេសប្រហែស ខ្ជីខ្ជារ មិនប្រុងប្រយ័ត្ន មិនបានពិនិត្យគ្រប់ជ្រុងជ្រោយមុន ពេលបើកឆ្លងកាត់ថ្នល់។ ចំណែកអ្នកបើករថយន្តឈ្មោះ ផា ភាស់ ធ្វេសប្រហែស មិនបានពិនិត្យស្ថានភាពផ្លូវខាងមុខមានឧបសគ្គ៕ ឆ ដា