ភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម “ការអប់រំពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់” ជូនដល់សិស្សថ្នាក់ទី១១ ទាំង ១៨សាខា ចំនួន ១.៥៣២នាក់ ដែលធ្វើបទបង្ហាញដោយឧត្តមសេនីយ៍ឯកនាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមអធិបតីភាព លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។
តាមរបាយការណ៍លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានអោយដឹងថា៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២១ សាខា ក្នុងនោះ ១៨សាខា កំពុងដំណើរការ និង០៣សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សា ជាង៣៥.០០០នាក់។ សាលា ក៏បានបង្កើត កម្មវិធីសិក្សាបន្ថែមធំៗ ចំនួន ៨ សម្រាប់ថ្នាក់ចំណេះទូទៅ និង ភាសាអង់គ្លេស រួមមាន៖ ទី១.កម្មវិធីបង្កើនចំណេះដឹងទូទៅទី២.កម្មវិធីពង្រឹងស្មារតី ទី៣.កម្មវិធី ទស្សនកិច្ចសិក្សា ទី៤.កម្មវិធិសិក្សាតាមទូរទស្សន៍ ទី៥.កម្មវិធីប្រឡងសំណេរ ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា ទី៧.កម្មវិធីប្រកួតប្រជែង ទេពកោសល្យ និងទី៨.កម្មវិធីកីឡា ហើយក្នុងឆ្នាំសិក្សានេះ សាលាកំណត់យក ថ្នាក់វិទ្យាសាស្ត្រ ស្របតាមកម្មវិធីស្តែម (STEM: Science, Technology, Engineering, Mathematics) របស់ក្រសួងអប់រំ និងបង្កើតបន្ទប់ពិសោធន៍ (Laboratory) សម្រាប់ថ្នាក់ទី៧-១២ លើមុខវិជ្ជា៖ រូបវិទ្យា គីមីវិទ្យា និង ជីវវិទ្យា។ សាលាក៏បានបន្តបើកថ្នាក់បំប៉នបន្ថែម និងថ្នាក់ពិសេស សម្រាប់សិស្សថ្នាក់ទី៩ និងទី១២ផងដែរ។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើបទបង្ហាញ ៩ចំណុចសំខាន់ៗ ដូចជា៖ ១- អ្វីជាគ្រឿងញៀន? ២- ការចែកប្រភេទ នៃគ្រឿងញៀន តាមខ្លឹមសារច្បាប់ ៣- ការចែកប្រភេទ នៃគ្រឿងញៀន តាមឥទ្ធិពល ៤- ប្រវត្តិនៃការផលិតគ្រឿងញៀន ៥- តំបន់ផលិតគ្រឿងញៀន ៦- ការដឹកជញ្ជូន និងចរាចរគ្រឿងញៀន ៧- ផលប៉ះពាល់ នៃគ្រឿងញៀន ៨-ការព្យាបាលបឋម និង៩- ការទៅរកសេវាបន្សាបគ្រឿងញៀន ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាលា ប៊ែលធី អន្តរជាតិ ដែលបានរៀបចំកម្មវិធីនេះឡើង និងឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកធ្វើជាគ្រូឧទ្ទេសនាពេលនេះ។ លោកជំទាវ សឿ សុជាតា បានណែនាំដល់ប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីបន្ថែមនេះ មិនត្រូវសេពគ្រឿងញៀន ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀននាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមានអសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំងធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាលឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិទៀតផង។ លោកជំទាវក៏បានផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ឲ្យក្លាយខ្លួនជាកូនល្អ មិត្តល្អ សិស្សល្អ និងជាពលរដ្ឋល្អ និងដើម្បីធ្វើជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ខ្លួនឯង និងសង្គមជាតិទៅអនាគត៕ ស រស្មី