ភ្នំពេញ៖ ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីចាក់សម្លាប់សង្សារជាបុគ្គលិក KTVដឹឃ្វីន នៅព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ គ.ស២០១៧ ត្រូវបាននគរបាលខណ្ឌសែនសុខ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ស៊ុយ មេសា ហៅលូ អាយុ២២ឆ្នាំ ជាអ្នកលក់អាវជជុះ ស្នាក់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ជនរងគ្រោះឈ្មោះ សេន ស៊ីយ៉ា ភេទ ស្រី អាយុ១៦ឆ្នាំ ជាបុគ្គលិក KTV ដឹឃ្វីន ស្នាក់នៅផ្ទះជួល លេខ១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ដោយមានកិច្ចសហការរវាងកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នង ការដ្ឋាននគរបាលខេត្តតាកែវ និងកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។
ជនសង្ស័យ សារភាពថា ពិតជាបានចាក់សម្លាប់ នារីរង គ្រោះជាសង្សារមែន ដោយនៅយប់កើតហេតុថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ខ្លួននិងនារីរងគ្រោះបានដេកជាមួយគ្នា ។ពេលនោះនារីរងគ្រោះ បាននិយាយទូរស័ព្ទជាមួយ មនុស្ស ប្រុសផ្សេង ដោយប្រើពាក្យផ្អែមល្ហែមពេក។ ដោយសារតែមានចិត្តប្រច័ណ្ឌនាង ទើបមានការឈ្លោះប្រកែកគ្នាខ្លាំង និងឈានដល់ការចាក់សម្លាប់តែម្តង៕ចេស្តា