ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋម្នាក់បានភ្ញាក់រលឹកយកអាវុធកែច្នៃចំនួន ២ដើមទៅប្រគល់ជូនសមត្តកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលក្រពើពីរ ដើម្បីរក្សាទុកជាបណ្ណោះអាសន្ន។
ពិធីប្រគល់អាវុធកែច្នៃខាងលើធ្វើឡើងនារសៀល ថ្ងៃ៤កើត ខែមិកសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃព្រហស្ប៏ ទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្រសាំងភ្នៅ ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលក្រពើពីរបានឲ្យដឹងថា ប្រជាពលរដ្ឋដែលបានភ្ញាក់រលឹកយកអាវុធកែច្នៃប្រគល់ជូនសមត្តកិច្ចនគរបាលឈ្មោះ គង់ ហាច ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ.ឃុំខាងលើ។
ប្រភពព័ត៌មានខាងលើបន្តថា អាវុធដែលពលរដ្ឋយកមកប្រគល់ជូនជាអាវុធប្រភេទកែច្នៃចំនួន ២ដើម ១ដើមប្រភេទ(ឆ្នុក និង ១ដើមទៀតប្រភេទខ្យល់)។
ប្រភពព័ត៌មានខាងលើបន្តទៀតថា វត្ថុតាងអាវុធកែច្នៃបានរក្សាទុកជាបណ្ណោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រពើពីរ ហើយនឹងបន្តការផ្សព្វផ្សាយដើម្បីភូមិឃុំមានសុវត្ថិភាពផងដែរ៕ បឹុម ពិន