ខេត្តបន្ទាយមានជ័យ៖ គយច្រកអន្តរជាតិប៉ោយប៉ែតផ្នែកត្រួតពិនិត្យទីលានរទេះ បានធ្វើការឆែកឆេរនិងបង្រ្កាបបានផាវគ្រាប់បែក២៣០គីឡូក្រាម មុខសញ្ញាអាចបង្កគ្រោះថ្នាក់អាជីវិតប្រជាពលរដ្ឋដែលផលិតក្នុងប្រទេសថៃ ដឹកបង្កប់តាមរទេះដឹកទំនិញ ខណៈដែលកម្មករអូសរទេះបានស៊ីឈ្នួលដឹកទំនិញមានផ្ទុកដឹកផាវគ្រាប់បែកនាំប្រទេសថៃចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត បម្រុងនាំយកទៅលក់ចែកចាយនៅក្នុងប្រទេសកម្ពុជា។
ការបង្រ្កាបមន្រ្តីគយបានធ្វើឡើង គ្រាដែលគេមើលឃើញថាផាវគ្រាប់បែកមានឥទ្ធិលខ្លាំងបានធ្លាប់ផ្ទុះបង្កគ្រោះថ្នាក់បណ្តាលឲ្យរងរបួសនិងបាត់បង់អាយុជីវិតប្រជាពលរដ្ឋខ្មែរមួយចំនួនរួចហើយមកនោះ។
ការបង្រ្កាបមន្រ្តីគយធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទីលានត្រួតពិនិត្យទំនិញដឹកតាមរទេះ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ផាវគ្រាប់បែកទាំងនោះនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ មន្រ្តីគយបានប្រគល់ឲ្យកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីយកទៅរក្សាទុកបញ្ចៀសបញ្ហាគ្រោះថ្នាក់ផ្សេងៗ។
លោក អ៊ី ឃីម អនុប្រធានការិយា័យគយ និងរដ្ឋាករប្រចាំច្រកអន្តរជាតិប៉ោយប៉ែតប្រាប់ឲ្យដឹងថា បញ្ហានៃការនាំចូលផាវគ្រាប់បែកគឺមន្រ្តីគយនៅមាត់ច្រកទ្វារតែងតែមានវិធានការរិតបន្តឹងនិងទប់ស្កាត់មិឲ្យមានការនាំចូលនោះឡើយ។ពោលគឺមន្រ្តីគយតែងធ្វើការត្រួតពិនិត្យជាប្រចាំខ្លាចក្រែងឈ្មួញដឹកបង្កប់តាមរទេះដើម្បីយកទៅលក់ចែកចាយនៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ឲ្យដឹងទៀតថា ការបង្រ្កាបនោះមន្រ្តីគយកំពុងស្រាវជ្រាវឈ្មួញនៅពីក្រោយខ្នងនៃការជួលកម្មករឲ្យមានដឹកបង្កប់ផាវគ្រាប់បែកនាំចូលមកនោះ។ពាក់ព័ន្ធនិងកម្មករអូសរទេះមន្រ្តីគយគ្រាន់តែធ្វើការអប់រំដោយយោងទៅតាមពួកគេមិនបានដឹងថាមានផាវគ្រាប់បែកត្រូវបានគេរៀបចំបង្កប់នៅក្នងរទេះនោះឡើយ។
សូមរំលឹកថា បញ្ហាផាវគ្រាប់បែកនោះកន្លងបានបង្កឲ្យប្រជាពលរដ្ឋខ្មែររងគ្រោះថ្នាក់ផ្ទុះបណ្តាលឲ្យរងរបួស និងស្លាប់ជាបន្តបន្ទាប់មកហើយសម្រាប់ឆ្នាំ២០១៧នេះខណៈដែលពួកគេដឹកជញ្ជូនតាមរថយន្តខុសបច្ចេកទេសផ្ទុះរថយន្តដឹកផាវគ្រាប់បែកនៅខេត្តបន្ទាយមានជ័យស្លាប់៣នាក់,ករណីកែច្នៃផាវគ្រាប់បែកដើម្បីផលិតជាគ្រាប់បែកបោកយកត្រីខុសបច្ចេកទេសផ្ទុះបណ្តាលឲ្យរងរបួសធ្ងន់និងស្រាល២នាក់ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង ,ករណីក្មេងប្រុសជំទង់ម្នាក់លេងដុតផាវគ្រាប់បែកថ្ងៃចូលឆ្នាំចិននៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ផ្ទុះដាច់ដៃម្ខាង , ករណីកុមារ២នាក់ នៅខេត្តកណ្តាលលេងដុតផាវគ្រាប់បែកផ្ទុះស្លាប់និងរងរបួស៕ សំ វិច្ឆិកា