ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈម៉ូតូមួយគ្រឿងបើកជែងរួចជ្រុកចង្កូតទៅប៉ះម៉ូតូផ្សេងទៀតបណ្ដាលឲ្យខ្ទាតចូលក្នុងរថយន្តកុងតឺន័របញ្ច្រាស គ្នាយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ ១៦៣-១៦៤ ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានប្រាប់កាសែតនគរវត្តឲ្យដឹងថា មុនកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក SIRIUS ពណ៌ក្រហម ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សុខ វណ្ណ: អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយធ្វើដំណើរ ពីកើតទៅលិច លុះមកដល់ចំនុចកើតហេតុ ខាងលើក៍ បានប៉ះជាមួយម៉ូតូ១គ្រឿងទៀត (មិនស្គាល់អត្តសញ្ញាណ) បណ្តាលឲ្យដួលខ្ទាតចូលក្នុងរថយន្តកុងទីន័រ ម៉ាកTIN THANG ពណ៍ស ពាក់ស្លាកលេខ 51C-632 48 បើកបរដោយឈ្មោះ ជៀម វាំងឡុក ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរបើកបររថយន្ត មានទីលំនៅភូមិយុងយឿបេ សង្កាត់ វិនចឹនដុង ក្រុងបាក់លាវ ខេត្តបាក់លាវ ប្រទេសវៀតណាម ដែលបើកបរពីលិចទៅកើត បញ្ច្រាសគ្នាបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូភាគីម្ខាងទៀតរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯអ្នកបើកបររថយន្ត សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចំណែកមធ្យោបាយទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។
សមត្ថកិច្ចបញ្ជាក់ថាគ្រោះថ្នាក់ខាងលើនេះកើតឡើងដោយមូលហេតុ មកពីជនរងគ្រោះបើកបរជែងប៉ះនឹងម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យខ្ទាតចូលក្នុងរថយន្តកុងតឺន័រ៕ យឹម សុថាន