ខេត្តស្វាយរៀង៖ បុរសបើករថយន្តក្នុងស្ថានភាពស្រវឹងស្រាម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ឃាត់ខ្លួនភ្លាមៗ ខណៈដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ជិះរថយន្តបុកម៉ូតូយ៉ាងពេញទំហឺងលាន់សូរដូចរន្ទះបាញ់ខែចែត្រ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ៥និង៥០ នាទីល្ងាច លើផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិ គក់ប៉ែ សង្កាត់ ចេក ក្រុង ស្វាយរៀង។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងស្វាយរៀងបានប្រាប់កាសែតនគរវត្តថា បុរសដែលបើករថយន្តបង្កហេតុឈ្មោះ ព្រំ រ៉ាវី អាយុ ២៧ ឆ្នាំ មុខរបរ ជាងឡាន រស់នៅភូមិ ព្រៃឆ្លាក់ សង្កាត ព្រៃឆ្លាក់ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង ខណៈសមត្ថកិច្ចវាស់ជាតិអាកុលដល់ (១,២៤ mg/L)។
ចំណែកភាគីរងគ្រោះមានឈ្មោះ ខៀវ សំអឿន ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរ ជាងផ្សាដែក រស់នៅភូមិ គក់ប៉ែ សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ខណៈម៉ូតូម៉ាក វ៉េវ RS ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១C ៩២៥៨ ខូចខាតទាំងស្រុង។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមាន រថយម្ដម៉ាក កាមរីហើមពណ៌ សំបកឱឡឹក ពាក់ស្លាកលេខ កំពង់ចាម ២A ៥០៤២ បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងស្រាធ្វើដំណើរពីជើងទៅត្បូងលើផ្លូវលេខ ៣១៥ ខណៈនោះ ស្រាប់តែទៅបុកនឹង ម៉ូតូម៉ាក វ៉េវ RSពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១C ៩២៥៨ ដែលស្របទិសគ្នាពីមុខយ៉ាងពេញទំហឺងបណ្ដាលឲ្យ រងរបួសធ្ងន់ត្រូវបានអ្នកភូមិជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំណែកអ្នកបើករថយន្តត្រូវបានឃាត់ខ្លួនមកសាកសួរផងដែរ។
ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចវាស់វែងអូសមកកាន់ការិយាល័យនគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់៕ យឹម សុថាន