ភ្នំពេញ៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ប៊ែលធី គ្រុប បានរៀបចំ សន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០១៨ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ២.១៨៧នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកស្រី។
លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានមានប្រសាសន៍ថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូបម្រើការ ២.១៨៧នាក់មានសិស្ស-និស្សិតកំពុងសិក្សា ៣៧.៦៩៨នាក់ និងមាន ២១ទីតាំង ក្នុងនោះ ១៨ទីតាំងកំពុងដំណើរការ ០៣ទីតាំងកំពុងសាងសង់ និង០១ទីតាំងជាសាកលវិទ្យាល័យ។ លោកបានបន្ថែមថា ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ០៣ធំៗដូចជា៖ I. ប៊ែលធីសំណង់ II. ប៊ែលធីទេសចរណ៍ និងIII. ប៊ែលធីអប់រំ ហើយក្នុងឆ្នាំ២០១៧នេះ ប៊ែលធី សម្រេចបាននូវសមិទ្ធផលដូចជា៖
I. ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី១៨ និងកំពុងសាងសង់អគារប៊ែលធីទី១៩ ទី២០ និងទី២១។
II. ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរណ៍ ៨.៤៥១នាក់ ក្នុងនោះ ក្នុងប្រទេស ៧.៧១៥នាក់ និងក្រៅប្រទេស ៧៣៦នាក់ ព្រមទាំងមានរថយន្តទំនើបៗ ០៨គ្រឿងសម្រាប់ដឹកភ្ញៀវផងដែរ។
III.សាលា ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ២២.០៥៥នាក់ ក្នុងនោះបានចែកចេញជា៖
– សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ៨.៣៤២នាក់ ជាប់៧.២៧៨នាក់ ស្មើ ៨៧,២៥% និង និទ្ទេសA ចំនួន ៥២នាក់
– សិស្សភាសាអង់គ្លេសកម្រិតទី១២ (Level 12) ចំនួន៥.៤៧៣នាក់
– សិស្សវគ្គខ្លីកុំព្យូទ័រ ចំនួន៧.៦២៨នាក់
– សិស្សប្រឡងតេស្តអន្តរជាតិ ចំនួន ៦១២នាក់
សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៣ឆ្នាំចុងក្រោយនេះ៖
១-ឆ្នាំ២០១៧នេះ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេសលំដាប់ពិន្ទុ ១០០.០០០
២-ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេសលំដាប់ពិន្ទុ ១០០.០០០
៣-ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេសលំដាប់ពិន្ទុ ៩៩.៩៩៩
សិស្សពូកែថ្នាក់ទី៩ និងទី១២ មាន ៤៤នាក់ ក្នុងនោះ ទូទាំងប្រទេស ១៧នាក់ និងទូទាំងរាជធានី ២៧នាក់
IV.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សា ១.៤៦៨នាក់ ក្នុងនោះថ្នាក់គរុកោសល្យ ៣៦៤នាក់ ថ្នាក់បរិញ្ញាបត្រ ៩៩៥នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១០៩នាក់។
V.ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន ៥៦៩នាក់ក្នុងនោះ សិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ៨៤នាក់ សិស្ស-និស្សិតបង់ថ្លៃ២៣នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា ៤៦៨នាក់។
ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨
ឆ្នាំ២០១៨នេះ ប៊ែលធីគ្រុប បានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រួមមាន៖
១-ពង្រឹងរចនាសម្ព័ន្ធគ្រប់ផ្នែក ដែលមានស្រាប់ឲ្យកាន់តែប្រសើរបន្ថែមទៀត
២-ពង្រឹងកម្មវិធីសិក្សាបន្ថែម ទាំងផ្នែកចំណេះទូទៅ និងផ្នែកភាសាអង់គ្លេស
៣-បន្តសាងសង់អគារសិក្សាប៊ែលធី ស្របតាមតម្រូវការរបស់សិស្ស
៤-ផ្តល់ជូនប័ណ្ណធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលជូនដល់សិស្សថ្នាក់ទី៩ ទី១០ ទី១១ និងទី១២ បន្ថែមទៀត
៥-ផ្តល់ជូនប័ណ្ណធានារ៉ាប់រងជូនដល់បុគ្គលិកប៊ែលធីទាំងអស់ ដើម្បីទទួលបានការព្យាបាល និងការថែទាំសុខភាព
៦-ពង្រឹងគុណភាពសិស្សថ្នាក់ទី១២ ឲ្យបានប្រឡងជាប់សិស្ស ពូកែរាជធានី ទូទាំងប្រទេស និទ្ទេសA និង ជាប់សញ្ញាបត្របាក់ឌុបឲ្យបាន៨៥%-៩៥%ឡើងទៅ ក្នុងឆ្នាំសិក្សាថ្មីនេះ
៧-ពង្រឹងកម្មវិធីសិក្សាជា ភាសាជាតិ ដោយបន្ថែមភាសាអង់គ្លេស និងកុំព្យូទ័ររយៈពេល១ឆ្នាំ
៨-ពង្រឹងកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត កម្រឹតអន្តរជាតិ អោយកាន់តែល្អប្រសើរថែមទៀត
៩-ជម្រុញការរៀបចំ សិក្ខាសាលា ដោយអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិ មកចែករំលែកបទពិសោធន៍ដល់និស្សិត
១០-ពង្រឹងសេវាកម្មបញ្ជូនសិស្ស-និស្សិតទៅសិក្សានៅឯក្រៅប្រទេសឲ្យបានកាន់តែច្រើន
១១-បើកវគ្គហ្វឹកហាត់ជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
១២-ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារតាមផ្នែកនីមួយៗ
១៣-ពង្រីកគោលដៅទេសចរណ៍ក្រៅប្រទេសសំខាន់ៗបន្ថែមទៀត តាមតម្រូវការរបស់អតិថិជន
ក្នុងឱកាសនោះផងដែរ លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនៈក្រៃលែង។
ជាទីបញ្ចប់ លោកប្រធានគណៈអធិបតី និងលោកស្រី បានប្រគល់លិខិតតែងតាំងជូនដល់ថ្នាក់ដឹកនាំនៃប៊ែលធីគ្រុប និងប្រគល់ ពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្តជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ៧២នាក់ នាពេលនោះផងដែរ ៕ ស រស្មី