ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យបុរស២នាក់ ម្នាក់ជាជនជាតិជប៉ុនរងរបួស ខណៈដែល បុរសវ័យជាង៥០ឆ្នាំម្នាក់ជាអ្នករត់ម៉ូតូឌុប បានបើកដឹកភ្ញៀវបរទេស លុះដល់ចំណុចផ្លូវបំបែកជាបួន ក្នុងល្បឿនលឿនបន្តិចផង ក៏ជ្រុលទៅបុករថយន្តម៉ាកតូយូតាវីហ្គោ និងបណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំផងដែរ ។
ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវ៥១កែងផ្លូវ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
បុរសរងគ្រោះឈ្មោះ កៅ ធឿន ភេទប្រុស អាយុ៥២ឆ្នាំមុខរបររត់ម៉ូតូឌុបស្នាក់នៅបន្ទប់ជួលភូមិថ្មី សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៍ផ្ទៃមេឃ ពាក់ស្លាកលេខស្វាយរៀង១I- ៩៦១២ ដឹកភ្ញៀវជនជាតិជប៉ុនម្នាក់ ។ ចំណែករថយន្តម៉ាកតូយូតាវីហ្គូល ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្ដាល២B ៨៨៨៦ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ។
យោងតាមសម្តីបុរសរងគ្រោះជា អ្នកបេីកបរម៉ូតូឈ្មោះ កៅ ធឿន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប បានឲ្យដឹងថា មុនពេលកេីតហេតុ គាត់បានដឹកភ្ញៀវបុរសជាជនជាតិជប៉ុនម្នាក់ មកពីម្ដុំផ្សារកណ្ដាល ដោយគោលបំណងទៅម្តុំវត្តលង្កា ខណ្ឌចំការមនលុះមកដល់ផ្លូវ៥១ ក្នុងទិសដៅពីជេីងទៅត្បូង កែងផ្លូវ៣៥២ ស្រាប់តែមានរថយន្តម៉ាកតូយូតាវីហ្គោ ពណ៍ខ្មៅបេីកបរតាមផ្លូវ៣៥២ក្នុងទិសដៅពីកេីតមកលិចឆ្លងផ្លូវលឿនពេកគាត់ចាប់ហ្វ្រាំងមិនទាន់ ហេីយមេឃធ្លាក់ភ្លៀងស្រិចក៏ជ្រុលបុករថយន្តចំហៀងខាងស្ដាំបោកផ្ទប់នឹងជញ្ជាំងរថយន្ត បណ្ដាលឲ្យ គាត់និងបុរសជនជាតិជប៉ុន ដួលបោកទៅនឹងថ្នល់រងរបួសទាំង២នាក់ ដោយរូបគាត់បែករយះក្បាលនិងបុរសជាភ្ញៀវរបួសត្រង់ជង្គង់ហើយត្រូវបានរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យឯកជនដេីម្បីព្យាបាលរបួសផងដែរ ។
ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង រួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរងចាំដោះស្រាយតាមក្រោយ ៕ ស រស្មី