ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាងឈើម្នាក់ហូបបាយមួយពេលត្រូវថ្នាំសណ្តំអស់ម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ បុរសជាងឈើម្នាក់ ត្រូវបានជនសង្ស័យ២នាក់ មិនដែលស្គាល់គ្នាល្បួងទៅហូបបាយជុំគ្នាមួយពេល ដើម្បីរាប់អានគ្នា ត្រូវថ្នាំសណ្តំអស់ម៉ូតូមួយគ្រឿងថ្នូរនឹងប្រាក់២០០០០រៀលជិះម៉ូតូឌុបមកផ្ទះវិញ។

ហេតុការណ៍នេះបានកើតឡើងកាលម៉ោង៩ព្រឹកថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅកន្លែងលកបាយមួយកន្លែង ចំណុចក្នុងផ្សារទួលសង្កែធំ ហៅ(ផ្សារសាំហាន់) ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះមានឈ្មោះប៊ុយ ឌឿន ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាងឈើ ស្នាក់នៅបន្ទប់ជួល ភូមិទួថ្ងាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មានស្រុកកំណើត នៅភូមិចំប៉ី ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត ។ ម៉ូតូដែលជនស្ស័យដាក់ថ្នាំសណ្តំយកទៅបាត់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាកស្លាកលេខ កំពត1K.5206។ ចំណែកឯជនសង្ស័យទាំង២នាក់មិនត្រូវបានស្គាល់ឈ្មោះ ជិះម៉ូតូមួយគ្រឿងម៉ាកហ្សូមម័រ មួយគ្រឿងមិនចាំពណ៌ នឹងស្លាកលេខ។

តាមបុរសរងគ្រោះបានឲ្យដឹងថា នៅព្រឹកកើតហេតុ រូបគាត់បានទៅហូបកាហ្វេនៅហាងមួយកន្លែង នៅតាមបណ្តោយលេខ៥៩៨ ក្បែរកន្លែងលក់ផ្កា និងកូនឈើក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសងែ២ ខណ្ឌឫស្សីកែវ ហើយក៏មានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហ្សូមម័រ មួយគ្រឿងមកអង្គុយរួមតុជាមួយគាត់ រួចហើយពួកគេទាំង២នាក់ បានសួរគាត់ នឹងនិយាយលេងពីនេះពីនោះធ្វើដូចជាស្គាល់គ្នាតាំងពីពេលណាចឹង។

ជនរងគ្រោះបានបន្តឲ្យដឹងថា បន្ទាប់ពីហូបកាហ្វេរួច ពួកគេទាំង២នាក់បានបបួលគាត់ថា ម៉ោះ បងជ្រុលស្គាល់គ្នាហើយ ទៅហូបបាយមួយពេលជុំគ្នា ដើម្បីរាប់គ្នាថ្ងៃក្រោយ ខណៈនោះរូបគាត់យល់ព្រមទៅហូបជាមួយនៅកន្លែងលក់បាយមួយកន្លែងនៅក្នុងផ្សារទួលសង្កែធំហៅផ្សារ (សាំផាន់) ក្រោយពីហូបបាយរួច ក្នុងខ្លួនគាត់មានសកភាពងងុយដេកនឹងវង្វេងបាត់ស្មារតី ហើយពេលឃើញរូបគាត់មានស្ថានភាពបែបនេះ បក្ខពួកគេម្នាក់បានយកសោម៉ូតូពីរូបគាត់ ហើយកាច់សោបញ្ឆេះឌុបគាត់យកទៅទម្លាក់ចោលនៅម្តុំឃ្លាំងលក់ម៉ូតូផ្សារឃ្លាំងរំសេវ ដាក់រូបគាត់ចុះរួចហើយបានយកប្រាក់២០០០០រៀលដាក់ក្នុងហោប៉ៅអាវរបស់គាត់ ហើយនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយកើតហេតុរូបគាត់មានស្ថានភាពវង្វេងវង្វន់បាត់បង់ស្មារតីហើយបានហៅម៉ូតូឌុបឲ្យឌុបរូបគាត់ត្រឡប់មកផ្ទះជួលវិញ ដោយសារតែសុខភាពមិនទាន់ធូរស្បើយ មិនបានមកដាក់ពាក្យបណ្តឹងភ្លាមៗនោះទេ។

លុះព្រឹកថ្ងៃទី២៥ ខែធ្នូ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ១ដើម្បីឲ្យជួយអន្តរាគមន៍ ៕ អរុណរះ


ចែករំលែក៖