ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់កាំជ្រួចផ្កាភ្លើងបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួសនៅគុយបា

ចែករំលែក៖

កាលពីយប់ថ្ងៃទី២៥ ខែធ្នូ យ៉ាងហោចណាស់ក៏មានមនុស្សរហូតដល់ទៅ២២នាក់រងរបួសធ្ងន់ ក្នុងនោះមានកុមារ អាយុចាប់ពី១១ឆ្នាំដល់១៥ឆ្នាំផងដែរ ពេលចូលរួមពិធីបាញ់កាំជ្រួចផ្កាភ្លើង នៅយប់ថ្ងៃបុណ្យគ្រិស្មាស នៅប្រទេសគុយបា។

ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅក្នុងពិធីបុណ្យ ពាន់ឆ្នាំ Parrandas ដែលរៀបចំធ្វើឡើងនៅក្នុងស្រុក Remedios ដោយបានទាក់ទាញភ្ញៀវទេសចរណ៍រាប់សិបពាន់នាក់ ទាំងក្នុង និងក្រៅប្រទេសចូលរួម។

តាមប្រភពព័ត៌មានដែលបានផ្សព្វផ្សាយនៅលើគេហទំព័ររដ្ឋាភិបាល Cubadebae បានបញ្ជាក់ថា គ្រោះថ្នាក់គួរឲ្យរន្ធត់ខាងលើ កើតឡើង ក្នុងពេលបាញ់កាំជ្រួច នាយប់ថ្ងៃបុណ្យគ្រិសស្មាស។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសមាន អ្នករងរបួសធ្ងន់ជាច្រើន ភាគច្រើនជាពលរដ្ឋនៅក្នុងតំបន់។

ស្រុក Remedios ស្ថិតនៅ ខេត្ត Villa clara ភាគខាងជើងប្រទេសគុយបា ។ ការបាញ់កាំជ្រួចផ្កាភ្លើងដែល បង្កឲ្យមានគ្រោះថ្នាក់ គឺស្ថិតនៅក្នុងកម្មវិធីបាញ់កំាជ្រួច ប្រឡងប្រណាំង រវាងស្រុក Remedios នឹងស្រុកផ្សេងៗទៀតមកចូលរួម នៅយប់ថ្ងៃបុណ្យ ។ មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ ខាងលើកើតឡើង កំពុងតែស្រាវជ្រាវបញ្ជាក់ឲ្យបានច្បាស់ពីមន្ត្រីទទួលបន្ទុក៕ ម៉ែវ សាធី


ចែករំលែក៖