ព័ត៌មានទាន់ហេតុការណ៍៖

ទាស់សំដីជាមួយបងប្រុសបន្តិចបន្តួច ចិត្តខ្លាំងដុតផ្ទះឆេះខ្ទេច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ប្អូនប្រុសចិត្តខ្លាំងម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពដុតផ្ទះរបស់បងប្រុសបង្កើតរបស់ខ្លួនព្រោះតែទំនាស់ពាក្យសំដីបន្តិចបន្តួចបណ្តាលឲ្យឆេះខូចខាតទ្រព្យនិងផ្ទះទាំងស្រុង។

ករណីដុតផ្ទះនេះកើតឡើងកាលពីវេលាម៉ោង១៥និង៣៥នាទី ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ជនបង្កឈ្មោះពៅ ធឿន(គីប) ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ ជនបង្កបានទាស់ពាក្យសំដី ជាមួយបងប្រុសរបស់ខ្លួនភ្លាមនោះបងប្អូនបាននាំគ្នាឃាត់ជនបង្កបំបែកចេញ។

ប្រភពបន្តថា ស្រាប់តែមួយសន្ទុះក្រោយមកនៅពេលដែលបងប្អូនភ្លេចខ្លួនជនបង្កបានធ្វើសកម្មភាពមកដុតផ្ទះបងបង្កើតរបស់ខ្លួន ឈ្នោះ អ៊ួ លាប ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ទំហំផ្ទះ៦គុណ៧ ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ចាក់បេតុងក្រោម រួមទាំងសំភារៈនៅក្នុងផ្ទះបណ្តាលឲ្យខូចខាតទាំងស្រុង។

ក្នុងករណីបង្កអគ្គិភ័យនេះដែរ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនបង្កនាំមកកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យព្រហ្មទណ្ឌចាត់ការតាមនីតិវិធី ៕ សេនាស័ក្តិ


ចែករំលែក៖