ខេត្តព្រះសីហនុ៖ ផ្ទះមួយល្វែង មានទីតាំងក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹក ថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ត្រូវបានគណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក យឹម សុខសំអូន អភិបាលរងស្រុកព្រៃនប់ ចុះអនុវត្តន៍ស.ជ.ណ របស់រដ្ឋបាលសាលាខេត្តព្រះសីហនុ វាយកម្ទេចចោល បន្ទាប់ពីអាជ្ញាធរខេត្ត ជូនដំណឹងជាច្រើនលើកឲ្យរុះរើចេញពីចំណីផ្លូវ ដែលអាជ្ញាធរគ្រោងនឹងស្ថាបនាផ្លូវបេតុងជូនប្រជាពលរដ្ឋ ក្នុងភូមិប្រើប្រាស់។
ជុំវិញករណីនេះ លោក យឹម សុខសំអូន អភិបាលរងស្រុកព្រៃនប់ បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពស្រុក គឺធ្វើឡើងតាមលិខិតលេខ៨២២/១៧ ស ជ ណ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តព្រះសីហនុ ឲ្យរុះរើសំណង់ដែលសង់រំលោភលើផ្លូវសាធារណៈ ដើម្បីធ្វើផ្លូវលំចូលភូមិបឹងវែង ទល់មុខផ្សារវាលរេញ ឃុំវាលរឹញ ស្រុកព្រៃនប់ បន្ទាប់ពីត្រូវបានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅខាងក្នុងភូមិ ប្តឹងទាមទារឲ្យអាជ្ញាធរអនុវត្តន៍និតិវិធីតាម បើកផ្លូវតាមប្លង់ប្រព័ន្ឋ ដែលមន្ត្រីជំនាញបានកំណត់នោះ។
លោកថា នេះជាលើកទី១ នៅក្បែប្រជុំជនវាលរេញ ដែលអាជ្ញធរអនុវត្តន៍ឈានដល់ការរុះរើដោយផ្ទាល់ បើទោះបីជាភាគីម្ចាស់ផ្ទះ បានចេញមុខមកជំទាស់ក្តី ហើយជុំវិញវិវាទនេះ ត្រូវបានអូសបន្លាយយូរខែមកហើយ។
ដោយឡែក លោក ស្រី សុខហៀង ជាម្ចាស់ផ្ទះខាងលើ បានអះអាងថា ទីតាំងដែលអាជ្ញាធរ ចុះមកវាយកម្ទេចនេះ គឺជាសំណង់មានជាយូរយារណាស់មកហើយ មិនមែនទើបតែសាងសង់នោះទេ ដូចនេះវាជាភាពអយុត្តិធម៌ណាស់សម្រាប់គ្រួសារគាត់៕ ឆ្លាមសមុទ្រ