ខេត្តពោធិ៍សាត់៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរយីហោ(តាយអុីហ្សុី) ផ្ទុះការតវ៉ាការដោះស្រាយបញ្ហាចំនួន ០៩ចំណុច គិតដល់រសៀលថ្ងៃនេះឈានដល់ការបិទផ្លូវជាតិលេខ៥ ប៉ុន្តែនៅតែពុំទាន់មានលទ្ធផលនៅឡើយនោះទេ។
ហេតុការណ៍ខាងលើបានកើតឡើងរយៈពេល ៣ថ្ងៃហើយ គឺថ្ងៃពុធ ព្រហស្បតិ៍ និងសុក្រ ១០, ១១ និង១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២៧, ២៨, ២៩ ខែធ្នូ ឆ្នាំ២០១៧ ត្រង់ចំណុចរោងចក្រកាត់ដេរយីហោ(តាយអុីហ្សុី) ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលចុះការពារក្រែងផ្ទុះហិង្សាណាមួយកើតឡើងបានឲ្យថា កម្មករ កម្មការិនីរោងចក្រកាត់ដេរយីហោ(តាយអុីហ្សុី)មានចំនួនរាប់ពាន់នាក់ បានផ្ទុះការតវ៉ាមិនព្រមចូលធ្វើការចំនួន ៣ថ្ងៃមកហើយ ដោយសុំការដោះស្រាយទុក្ខលំបាករបស់ពួកគាត់ចំនួន ០៩ចំណុចទី១ សុំថែមម៉ោងត្រឹមម៉ោង ០៩យប់ ទី២ ពិបាកក្នុងការសុំច្បាប់នៅពេលឈឺ ទី៣ ចំនួនកម្មករ កម្មការិនីរោងចក្រកាន់តែថយចុះ ទី៤ ជនជាតិចិនជេរម៉ែឪទាំងប្រធាន និងកូនក្រុម ទី៥ ដកកម្មករ កម្មការិនីដោយគ្មានមូលហេតុ ទី៦ ធ្វើមិនបានគ្រប់ចំនួនជេរ និងស្រែកខ្លាំងៗ ទី៧ លុយរង្វាន់កាត់គ្មានហេតុផល ទី៨ ដេរមិនទាន់ព្រមាន និងទី៩ ពិនិត្យផ្ទៃពោះកាត់លុយរង្វាន់(អេបេសេ)។
ប្រភពព័ត៌មានខាងលើបន្តថា ការដែលកម្មករ កម្មការិនីរោងចក្រកាត់ដេរយីហោ(តាយអុីហ្សុី)ផ្ទុះការតវ៉ារយៈពេល ១ថ្ងៃដំបូងពួកគាត់បាននាំគ្នាមិនធ្វើការ(ដើរចេញពីរោងចក្រ) លុះថ្ងៃបន្ទាប់ពួកគាត់សុំដោះស្រាយចំនួន ០៩ចំណុចខាងលើ ហើយឃើញមានវត្តមានលោក អភិបាលរងខេត្តពោធិ៍សាត់ លោក ប្រធានក្រុមប្រឹក្សាក្រុងពោធិ៍សាត់ ជាតំណាងក្រុមហ៊ុន រោងចក្រកាត់ដេរយីហោ(តាយអុីហ្សុី) និងលោក អភិបាលស្រុកក្រគរ ប៉ុន្តែការផ្ទុះការតវ៉ា និងការទាមទារការដោះស្រាយពុំទាន់មានលទ្ធផលនោះទេ។
ប្រភពព័ត៌មានខាងលើបន្តទៀតថា លុះមកដល់រសៀលថ្ងៃទី២៩ ខែឆ្នាំដដែលនេះ ឈានដល់ការបិទផ្លូវជាតិលេខ៥ និងចំនួនកម្មករ កម្មការិនីរោងចក្រទាំងចំនួន ០៧អគារចំនួនច្រើនពាន់នាក់ ផ្ទុះការតវ៉ាទាំងអស់ ប៉ុន្តែដំណោះស្រាយនៅតែមិនទាន់មានលទ្ធផលនៃការតវ៉ាដដែលនៅឡើយ ហើយករណីនេះពុំមានបង្កហិង្សាណាមួយកើតឡើងនៅឡើយនោះទេ៕ ប៉ឹម ពិន