ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តទាំងស្រវឹងជ្រុលទៅបុករថយន្តមួយគ្រឿងទៀតពីចំហៀង​បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តព្រូសក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងផង ខណៈមកដល់ចំណុចផ្លូវបំបែកជាបួនមិនបន្ថយល្បឿនក៏ជ្រុលទៅបុករថយន្តម៉ាកAToz បណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង២០នាទីយប់​​ ថ្ងៃអង្គារ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ តាមបណ្តោយផ្លូវលេខ១៩៣កែងផ្លូវ៣៤៨ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំកាមន រាជធានីភ្នំពេញ ហើយរថយន្តបង្កបានព្យាយាមបើកគេចខ្លួនរហូតដល់ក្រោយសុវណ្ណា ក៏ត្រូវសមត្ថកិច្ចដេញឃាត់បាន។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត ម៉ាក Atoz ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2AG 8079 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG 8001 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៤៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ក៏ជ្រុលបុករថយន្តម៉ាក AToz ចំពីចំហៀងពេញទំហឹងបណ្តាលឲ្យរងកាខូចខាតទាំងសងខាងនិងធ្វើឲ្យនារីម្នាក់ជិះនៅក្នុងរថយន្ត Atoz រងរបួសបែកក្បាលដោយបោកជាមួយកញ្ចក់រថយន្ត។ សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្កគ្រោះថ្នាក់រួច ក៏ព្យាយាមបើករថយន្តគេចខ្លួនរហូតទៅដល់ផ្លូវ១៩៩ ក្រោយនិងផ្សារសុវណ្ណាក៏ត្រូវសមត្ថកិច្ចឃាត់ជាប់តែម្តង។

ក្រោយកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយភាគីខាងម្ចាស់រថយន្តបង្កចេញថ្លៃខូចខាតទៅលើម្ចាស់រថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនរំខានដល់សមត្ថកិច្ច៕ ភារ៉ា ដង្កោ


ចែករំលែក៖