ព័ត៌មានទាន់ហេតុការណ៍៖

រាយខ្សែភ្លើងឆក់ត្រីបែរជាឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសជាកម្មករសំណង់សំណង់ម្នាក់ បន្ទាប់ពីទំនេពីការងារឆ្លៀតពេលទៅរកត្រីដោយបានរាយខ្សែរភ្លើងទៅឆក់ត្រីនៅក្នុងស្រះមួយកន្លែងភ្លាត់ស្នៀតបែរជាឆក់ខ្លួនឯងបណ្តាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃអង្គារ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អុីម ដា អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជិតកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅក្នុងភូមិទួលពពេល ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុក្រោយពីចប់ម៉ោងការងារវេលាម៉ោង៥ល្ងាច ជនរងគ្រោះបានរាយខ្សែភ្លើងដើម្បីឆក់ត្រីធ្វើម្ហូបនៅក្នុងស្រះខាងលើ ហើយនៅក្នុងខណៈនោះកំពុងឆក់ត្រីភ្លាត់ស្នៀត ក៏ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង។

ចំណែកមិត្តភក្ដិរួមការងារពេលឃើញបែបនេះ ក៏បាននាំគ្នាជួយសង្គ្រោះបឋមដែរ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបនាំគ្នាសែងសាកសពទៅដាក់នៅក្បែរសំណង់ផ្ទះល្វែងដែលខ្លួនធ្វើការរួចបានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យរួចរាល់បានប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ សុខាសែនជ័យ


ចែករំលែក៖