ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងអាយុ៤ឆ្នាំម្ដាយទុកឲ្យជីដូនមើលរអិលជើងធ្លាក់ទឹកស្រះលង់ស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានរអិលជើងធ្លាក់ចូលក្នុងទឹកស្រះលង់ស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង១០នាទីព្រឹក ថ្ងៃអង្គារ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៨ នៅចំណុចស្រះទឹកស្ថិតនៅភូមិគុហ៍បារែង ឃុំអណ្តូងពោធិ៍ ស្រុបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ពន វណ្ណា អាយុ៤ឆ្នាំ ឪពុកឈ្មោះ ប៉ុន មឿង អាយុ៣៧ឆ្នាំ និង ម្តាយឈ្មោះ មិន ឌៀប អាយុ៣៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ បច្ចុប្បន្នឪពុក ម្តាយធ្វើការរោងចក្រនៅក្រុងភ្នំពេញ ដោយទុកកូនឲ្យជីដូនឈ្មោះ កង លុន អាយុ៦០ឆ្នាំមើល។

បើយោងតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា:ក្មេងប្រុសរងគ្រោះបានដើរលេងមានគ្នា៤នាក់ក្នុងបរិវេណស្រះទឹកក្បែរផ្ទះពេលនោះ ស្រាប់តែ ក្មេងរងគ្រោះបានរអិលជើងធ្លាក់ទឹកស្រះ ឯក្មេងៗ៣នាក់ទៀតបានរត់មកប្រាប់ចាស់ៗឲ្យស្រង់ តែពេលអ្នកជួយសង្គ្រោះមកដល់កន្លែងកើតហេតុ អកុសលក្មេងប្រុសបានស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយសមត្ថកិច្ចធ្វើកុសល្យវិច័យហើយឃើញក្មេងប្រុសពិតជារអិលចូលទឹកស្រះប្រាកថមែន ហើយបានប្រគល់សាកសពកុមារងគ្រោះឲ្យឪពុកម្តាយយកធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី


ចែករំលែក៖