ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ដល់បទសម្ភាសជាមួយ អ្នកសាព័ត៌មាន ស្ដីពីការរៀបចំពិធីអបអរសាទរ ទិវាបុណ្យជាតិ ៧មករា ខួបលើកទី៣៩ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយគ្រោងមានមហាជនចូលរួម៤៥០០០នាក់ ។ មូលហេតុដែលធ្វើឱ្យការរៀបចំពិធីរំឭកខួបលើកទី៣៩ នៃទិវាជាតិ៧មករា ឆ្នាំ២០១៨នេះ កាន់តែមានលក្ខណៈធំជាងមុន ដោយសារតែប្រជាពលរដ្ឋខ្មែរយើង បានយល់ដឹងអំពី តម្លៃ ថ្ងៃ៧ មករា កាន់តែច្រើនជាងមុន ហើយពួកគាត់យល់ថា ថ្ងៃ៧ មករា គឺជាថ្ងៃផ្តល់កំណើតទី២ ដល់ពួកគាត់។
លោក ឃួង ស្រេង ផ្ដល់បទសម្ភាសជាសាធារណៈ បែបនេះ កាលពីល្ងាចថ្ងៃអង្គា ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ០២ ធ្នូ ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញថា ៖ ទិវាជាតិ៧មករា គឺជាទិវាប្រវត្តិសាស្រ្តដ៏សំខាន់ ណាស់សម្រាប់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសអ្នកដែលត្រូវបាន រំដោះពីក្រញ៉ាំបិសាចប៉ុលពត។ ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ចលនាតស៊ូដែលដឹកនាំដោយសម្ដេចធម្មពោធិសាល ជា ស៊ីម, សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន បានរំដោះប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៥មក ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ធ្វើឱ្យពួកគាត់ បានរស់រៀនមានជីវិតឡើងវិញ ហើយរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់មក ។
ក្រោយថ្ងៃរំដោះ ៧មករានេះមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រជាជាតិកម្ពុជា រហូតដល់ប្រទេស និងប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ និងមានជីវភាពធូរធាដូចពេលបច្ចុប្បន្ន។ ដោយសារគុណ បំណាច់ថ្ងៃជ័យដ៏ធំនេះហើយ ទើបរាជរដ្ឋាភិបាលមកពីគណបក្សប្រជាជន និងប្រជាពលរដ្ឋកម្ពុជា កំណត់យកថ្ងៃទី០៧ ខែមករា ជាថ្ងៃប្រារព្ធទិវាជាតិមួយដ៏អធឹកអាធ័មជារៀងរាល់ឆ្នាំ នៅប្រទេសកម្ពុជា។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ប្រជាពលរដ្ឋខ្មែរទាំងអស់ មិនអាចបំភ្លេចថ្ងៃ៧ មករា បានទេ ព្រោះបើគ្មានថ្ងៃ៧មករានោះទេ គឺគ្មានអ្វីៗទាំងអស់ រាប់ទាំងជីវិត សន្តិភាព និងការអភិវឌ្ឍសព្វថ្ងៃនេះផងដែរ។ ជនណាដែលមិនទទួល ស្គាល់ថ្ងៃ៧មករា គឺជាអ្នកគាំទ្រឱ្យរស់ឡើងវិញនូវរបបប៉ុលពត ហើយក៏ជាអ្នកប្រឆាំង ចំពោះសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជាសព្វថ្ងៃផងដែរ។
ប្រជាពលរដ្ឋខ្មែររស់រាន មានជីវិត ដោយថ្ងៃរំដោះ៧មករា នឹងថ្កោលទោសចំពោះអ្នកដែលប្រមាថ ដល់ថ្ងៃ៧មករា។ កម្ពុជារីកចម្រើនខ្លាំងដូចបច្ចុប្បន្ននេះ គឺដោយសារថ្ងៃ៧មករា ហើយស្ថាបនិកនៃថ្ងៃ៧មករាជាអ្នកណា នោះគឺសម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង យកជីវិតធ្វើដើមទុន ដើម្បរំដោះប្រជាជន កម្ពុជាចេញពីរបបអាវខ្មៅប៉ុលពត ហើយខិតខំកសាងប្រទេសជាតិពីបាទដដែទទេ រហូតដូចឃើញក្នុងពេលបច្ចុប្បន្ននេះ៕ សំរិត