ភ្នំពេញ៖ បុរស៣នាក់បាននាំគ្នាផឹកស៊ីរហូតស្រវឹងស្រាជោកជាំរៀងៗខ្លួន ខ្លាសម្តីដាក់គ្នា ដោយអួតអាងស្គាល់អ្នកធំ និងស្គាល់២៥ខេត្ត ក្រុង រហូតផ្ទុះកំហឹងដាក់គ្នាវាយបែកមាត់ដេរ៨ថ្នេរ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិចំការឳឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមិនបានស្គាល់ឈ្មោះទេ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ ចំណែកជនបង្កមានឈ្មោះ ជា សារិន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅក្នុងបុរី ភូមិចំការឳឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកំណើតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ជនបង្កទី២មានឈ្មោះ លាង វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងឥដ្ឋការ៉ូ ស្នាក់នៅភូមិចំការឳឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កបានផឹកទឹកត្នោតជូរអស់៤សូរ មានគ្នា៦នាក់ ។ លុះពេលផឹកទឹកត្នោតជូរអស់ហើយ បានបែកគ្នា ដោយឡែកជនបង្ក២នាក់បានដើរទៅបបួលជនរងគ្រោះដែលកំពុងតែអង្គុយលើរ៉ឺម៉កម៉ូតូដែលផឹកស្រាតិចតួចតែម្នាក់ឯង ដោយនិយាយសុំផឹកជាមួយគ្នាចេញពាក់កណ្តាលម្នាក់ ជនរងគ្រោះបានយល់ព្រមហើយ ។ បន្ទាប់មក ជនបង្កបានដើរទៅទិញស្រាបៀរកន្លះកេសយកមកផឹកគ្នា៣នាក់ ខណៈផឹកស្រាបៀរជិតអស់នៅសល់តែមួយកំប៉ុង ដោយស្រវឹងរៀងខ្លួនក៏នាំគ្នានិយាយអួតអាងដាក់គ្នាទៅវិញទៅមក សុទ្ធតែស្គាល់អ្នកធំ និងស្គាល់២៥ខេត្តក្រុង ដើរសព្វកន្លែងអស់ហើយ ធ្វើឲ្យភាគីទាំងពីរតឹងសរសៃ.កដាក់គ្នាបង្កជាជម្លោះរហូតវាយតប់គ្នា ដោយភាគីខាងមានគ្នា២នាក់ព្រួតវាយទៅលើភាគីខាងម្នាក់បណ្តាលឲ្យដួលបែកមាត់ដេរ៨ថ្នេរ ។
ក្រោយពេលកើតហេតុ ជនបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ឬឯជនរងគ្រោះវិញបានទៅព្យាបាល។
ក្រោយកើតហេតុ ប្រពន្ធរបស់ជនរងគ្រោះបានប្តឹងនៅប៉ុស្តិ៍នគរបាលដើម្បីទាមទារសំណងចំនួន៥,០០០ដុល្លារ ។ តែដោយសារតែភាគីបង្កមិនមានលទ្ធភាពទើប សមត្ថកិច្ចបញ្ជូនបន្តទៅផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់កាតាមនីតិវិធី៕ សុខាសែនជ័យ