ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ លោក LI NIN YAសេនាអនុសម្ព័ន្ធយោធារស្ថានទូតចិន បាននាំយកវិទ្យុទាក់ទងចំនួន១៦០គ្រឿង ផ្តល់ជូននាយកដ្ឋានវិទ្យុទាក់ទងក្រសួងមហាផ្ទៃ ដោយទទួលបានការអញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យទាក់ទងក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ គៀត ច័ន្ទថារិទ្ធិ បានពាំនាំនូវការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះលោកLI NIN YA ដែលបាននាំយកវិទ្យុទាក់ទងដែលជាអំណោយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា មកផ្តល់ជូនដល់កងកម្លាំងនគរបាលជាតិកម្ពុជាប្រើប្រាស់ក្នុងការពារសុវតិ្ថភាព រក្សាសន្តិភាព ជាពិសេសក្នុងការការពារប្រតិភូជាតិ និងអន្តរជាតិ ក្នុងបំណងរឹតចំណងសាមគ្គីភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរកម្ពុជាចិន។
ដោយឡែកលោកLI NIN YA តំណាងឲ្យស្ថានទូតចិនក៏បានសម្តែងនូវការកោតសសើរដល់កងកម្លាំងនគរបាលជាតិកម្ពុជា ដែលមានការរីកចម្រើននូវសម្ភារប្រើប្រាស់គ្រប់ប្រភេទ និងមានការជឿនលឿនបំផុតមិនចាញ់ប្រទេសដ៏ទៃ។ លោកថា រវាងសាធារណរដ្ឋចិនប្រជាមានិត និងកម្ពុជាបានរិតចំណងសាមគ្គីភាពជាង៦០ឆ្នាំមកហើយ នៅបច្ចុប្បន្នយើងនៅតែបន្តរឹតចំណងសាមគ្គីគ្នាបន្តទៀតនិងមានការឧបត្ថម្ភជំនួយជាហូហែរដល់កម្ពុជា។ នៅពេលអនាគត់នគរបាលនិងទៅរៀនផ្លាស់ប្តូរបច្ចេកវិទ្យាផ្សេងៗនៅប្រទេសចិនបន្តទៀតផងដែរ៕ តាឡឹម