ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ដាច់ដៃម្ខាង ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូស្របគ្នាជាមួយរថយន្តហើយបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្តាលឲ្យដួលចូលកង់រថយន្តផ្នែកខាងក្រោយកិនអូសប្រហែល៥ម៉ែត្រ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅមុខផ្សារឯករាជ្យ២ ផ្លូវបេតុង ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តៃកុងរថយន្តឈ្មោះព្រីង ឈុយ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ប្រភេទរថយន្តបុកគ្រិះ បពណ៍ស ពាក់ស្លាកលេខភ្នំពេញ3A 8074 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានម៉ូតូ២គ្រឿងដោយមួយគ្រឿងម៉ាកSuzuki address ពណ៍ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FB 1507 ជិះដោយបុរសម្នាក់និងមួយគ្រឿងទៀតមិនចាំម៉ាកធ្វើដំណើរស្របគ្នាជាមួយរថយន្តហើយបានទាក់ដៃចង្កូតគ្នាបណ្តាលឲ្យម៉ូតូមួយគ្រឿងដួលចូលក្រោមកង់រថយន្តកិនអូសប្រហែល៥ម៉ែត្រ បណ្តាលឲ្យរងរបួសដាច់ដៃខាងស្តាំ ចំណែកម៉ូតូមួយគ្រឿងទៀតគេចបាត់។
សាក្សីដដែលបានបន្តថា ភ្លាមនោះប្រជាពលរដ្ឋបានចាប់តៃកុងរថយន្តបានភ្លាមៗ និងប្រគល់ឲ្យសមត្ថកិច្ចផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាលចំននាញ់ចរាចរណ៍រាជធានីភ្នំពេញដើម្បីចុះមកធ្វើកាវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ