ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់​កម្មករ​ខ្មែរ-ថៃ ៤នាក់ករណីកប៉ាល់​ដឹកទំនិញ​បុក​កាណូត​នេ​សា​ទទាំងកម្រោលនៅខេត្ត​ឆុន​បុរី 

ចែករំលែក៖

ប៉ោយប៉ែត៖ កាលពី​រសៀល ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះ​៤នាក់ ​ក្នុងនោះ​​ពលករ​ខ្មែរ២នាក់ និង​ថៃ​២នាក់ បាន​ស្លាប់​យ៉ាង​វេទនា​នៅក្នុង​ទឹកសមុទ្រ ក្នុងចំណោម​កម្មករ​នេ​សា​ទ​សរុប​ចំនួន៨ នាក់ បន្ទាប់ពី​កាណូត​របស់ពួកគេ​ត្រូវកប៉ាល់​ដឹកទំនិញ​ធុន​ធំ​មួយគ្រឿង​បុក​ទាំង​កម្រោល​ហើយ​លិចទៅ​ក្នុង​ផ្ទៃ​ទឹក​ ត្រង់ចំណុច ១២ អង្សារ និង ៣.២៨ ខ្សែស្រប​ខាងជើង និង ១០១ អង្សារ ខ្សែបណ្តោយ​ខាងកើត ដែលមាន​ចម្ងាយ​ពី​ច្រាំង ក្នុងស្រុក​សត្វ​ហុី​ប ខេត្ត​ឆុន​បុរី ប្រមាណ ៣៨ ម៉ៃ​ល៍ គឺ​ជាង ៦១ គីឡូម៉ែត្រ ។

សេចក្តីរាយការណ៍ថា កប៉ាល់​ដឹកទំនិញ​ធុន​ធំ​បាន​បុក​ជាមួយនឹង​កាណូត​នេ​សា​ទ្រ​យីហោ​ឆូ​ក​ឈូ​ឆៃ​បណ្តាលអោយ​លិច​កាណូត​នេ​សា​ទ្រ​ដោយ​នៅលើ​កាណូត​នោះ​មាន​មនុស្ស​ចំនួន ៨ នាក់ ( ថៃ៣នាក់ ខ្មែរ៥នាក់ ) រីឯ​កប៉ាល់​ដឹកទំនិញ​នោះ​មិន​ស្គាល់​អត្តសញ្ញាណ ច្បាស់លាស់​ឡើយ ។

កំលាំង​សមត្ថកិច្ចថៃ​ចុះទៅពិនិត្យ​ទីតាំង​កើតហេតុ​ គឺមនុស្ស​ចំនួន៤នាក់ ត្រូវបាន​សង្គ្រោះ​អោយ​រួច​ផុតពី​សេចក្តីស្លាប់ ចេញពី​ផ្ទៃ​ទឹក ដែល​ក្នុងនោះ​មាន​ពលករ​ខ្មែរ​ចំនួន៣នាក់ និង​ថៃ​ម្នាក់ ព្រមទាំង​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ ដោយឡែក កម្មករ​នេ​សា​ទ​ចំនួន ៤ នាក់​ទៀត បាន​បាត់​ខ្លួន​នៅក្នុង​ទឹកសមុទ្រ​នោះ ដែលមាន​ពលករ​ខ្មែរ ចំនួន២នាក់ និង​ថៃ​ចំនួន២នាក់ ( ខ្មែរសុរិន្ទ​ម្នាក់ ) ។

នៅវេលា​ម៉ោង ៧ ព្រឹក ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០១៨ សមត្ថកិច្ចចម្រុះរបស់ថៃបានចុះ​ស្រាវជ្រាវ​រុក​រកសព​ដែល​បាន​បាត់​ខ្លួន ។ នៅ​ទីបំផុត សព​មនុស្ស​ចំនួន៤នាក់ ត្រូវបាន​រកឃើញ ដែល​ក្នុងចំណោម​សព​ពលករ​ខ្មែរ​ទាំងពីរ​នាក់ គឺមាន​ម្នាក់​រស់នៅ​ភូមិ​ពន្លៃ ឃុំ​កំពែង ស្រុក​គិរីវង្ស ខេត្តតាកែវ ៕ វណ្ណា


ចែករំលែក៖