ភ្នំពេញ៖ រថយន្តព្រូស ប្រភេទតាក់ស៊ីម៉ែត្រក្រហមមួយគ្រឿង បានបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ ហើយរថយន្តបង្កបានដាច់កាឡែកង់មុខទៅមុខលែងរួច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះសុធារស កែងនឹងផ្លូវរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
មុនពេលកើតហេតុ ម្ចាស់រថយន្តបង្កម៉ាកព្រូស ប្រភេទរថយន្តតាក់ស៊ីម៉ែត្រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AQ-4115 បានបើករថយន្តចេញពីម្ដុំរង្វង់មូល សម្ដេចសង្ឃរាជជួនណាតទៅដឹកភ្ញៀវនៅម្ដុំផ្សារអុីអនម៉ល ដោយធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុនៅតាមផ្លូវព្រះសុធារស ក៏បានបួងចង្កូតបត់ឆ្វេងទាំងបង្ខំ និងមិនឃើញទ្រូងផ្លូវដាក់ចំណំផ្លាតផងនោះ ស្រាប់តែបើករថយន្តបុកបញ្ចិតរបាំងថ្ម បាក់អស់២កង់ចេញពីគ្នាតែម្ដង បណ្ដាលឲ្យរថយន្តបង្កដាច់កាឡេកង់មុខផ្នែងខាងឆ្វេង រងការខូចខាតយ៉ាងដំណំទៅមុខលែងរួច តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ម្ចាស់រថយន្តបង្កគេចខ្លួនបាត់ សមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅជំនាញចរាចរណ៍ ចុះ យករថយន្តបង្កទៅទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ៕ ភារ៉ា ដង្កោ