ខេត្តស្ទឹងត្រែង៖ សិស្សានុសិស្ស៩៦នាក់ រៀននៅសាលាអនុវិទ្យាល័យចំការលើ កំពុងព្រួយបារម្ភ ពេលឆ្លងស្ពានយោលម្តងៗ ទៅសាលារៀន ព្រោះចាស់ទ្រុឌទ្រោមយូរឆ្នាំមកហើយ ដើរឆ្លងទាំងភ័យខ្លាច ជាពិសេសនៅពេលរដូវទឹកជំនន់ ដែលស្ថិតនៅចំណុចអូរុណ ភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
សិស្សសាលាអនុវិទ្យាល័យម្នាក់ បានប្រាប់ ក៏ដូចសំណូមពរដល់ អាជ្ញាធរមូលដ្ឋានថា ស្ពាននេះសាងសង់បានជាងដប់ឆ្នាំហើយ ដែកក៏ច្រេះ ឈើក៏ចង់ពុក តូចចង្អៀត មិនអាចជិះម៉ូតូបានទេ មានតែដើរថ្មើរជើងទេទើបទៅដល់សាលារៀន ហើយសាលានៅឆ្ងាយទៀត មានមួយខ្នងប្រាំបន្ទប់ រៀនបានតែបីថ្នាក់ទេ សិស្សមានចំនួន៩៦នាក់ ព្រោះតែលំបាកក្នុងការឆ្លងកាត់ស្ពានមួយខ្សែនេះ ហើយថ្ងៃមុន ធ្លាប់មានធ្លាក់ម៉ូតូ និងមនុស្សរងរបួសទៀតផង។
បច្ចុប្បន្ននេះជនរងគ្រោះនៅមិនទាន់ជាសះស្បើយនៅឡើយទេ ហើយពួគគាត់ដើរទាំងភ័យខ្លាច និងព្រួយបារម្ភបំផុត ជាពិសេសនៅរដូវវស្សាទឹកជំនន់មកដល់ ពិបាកទាំងស្ពាន ពិបាកទាំងផ្លូវ ក្នុងការធ្វើដំណើរម្តងៗ ពួគគាត់សុំសំណូមពរដល់ លោកមេឃុំ លោកអភិបាលស្រុក មេត្តាជួយ ជួសជល់ ឬសាងសង់ស្ពានថ្មី មួយខ្សែនិងផ្លូវនេះផង ដើម្បីងាយស្រួលដល់ពួគគាត់ ធ្វើដណើរទៅរៀនសូត្របានស្រួល និងបងប្អូនពុកម៉ែឆ្លងកាត់ទៅស្រែចំការ ដឹកដំណាំកសិផលផ្សេងៗបានស្រួលគ្មានការព្រួយបារម្ភ។
ជុំវិញរឿងនេះ លោកព្រះ ហែម មេឃុំចំការលើ បានប្រាប់នៅរសៀលថ្ងៃ ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ថា បញ្ហារឿងស្ពានយោលខាងលើនេះ លោកមានគំរោងមូលនិធិឃុំ២០១៧ ធ្វើក្នុងឆ្នាំ២០១៨នេះ ធ្វើអំពីឈើ ទទឹង៣.៥ម៉ែត្រ ប្រវែង៦០ម៉ែត្រ តែក្រោយមក លោកបានទៅប្រជុំជាមួយលោកអភិបាលស្រុក តាមគំរោងរបស់ខេត្ត បានសម្រេចឲ្យធ្វើស្ពានដែកវិញ ហៅស្ពានម៉ាឡេ ដោយធ្វើទាំងស្ពាន និងផ្លូវផង។
លោកបញ្ជាក់ទៀតថាៈ ក្នុងការសាងសង់ស្ពានថ្មីខាងលើនោះគឺ ធ្វើនៅក្រោមស្ពានយោលចម្ងាយប្រហែល២៥ទៅ៣០ម៉ែត្រ តែចំណែកស្ពានឈើ លោកនៅតែធ្វើដដែល ទោះបីបានស្ពានដែកថ្មីក៏ដោយ ព្រោះវាជាគំរោងរបស់ឃុំ តែនៅមិនទាន់ កំណត់ធ្វើនៅពេលណា ខែណា ឆ្នាំណានោះនៅឡើយទេ ។
គួររំលឹកថា ស្ពានយោលខាងលើធ្វើអំពីដែកសសៃ១៦លី ក្រាលក្តារមានទម្ងន់ធ្ងន់ ហើយយោលគួរឲ្យភ័យខ្លាចពេលដើរឆ្លងម្តងៗ ហើយកន្លងមក ក៏ធ្លាប់មានធ្លាក់ម៉ូតូ និងមនុស្សរងរបួសជារឿយៗ តែនៅពេលនេះ រដូវប្រាំងអាចចុះដើរឆ្លងកាត់អូរ ព្រោះគ្មានទឹក តែពួគគាត់ ទាំងសិស្ស ទាំងលោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋរស់ក្នុងឃុំចំការលើទាំងមូល ទទូចហើយទទូចទៀត សូមឲ្យអាជ្ញាធរភូមិឃុំ ស្រុក និងខេត្ត ជួយពន្លឿនធ្វើយ៉ាងណា ជួយសាងសង់ស្ពានថ្មីឲ្យបានឆាប់មុនរដូវវស្សាចូលមកដល់ ដើម្បីងាយស្រួលដល់ពួគគាត់ធ្វើដំណើរឆ្លងកាត់ ទាំងសិស្សទាំងលោកគ្រូ អ្នកគ្រូ និងពួគគាត់ងាយស្រួលដឹកកសិផលផ្សេងៗដែលធ្វើបាន ៕ មាស សុផាត