ព័ត៌មានទាន់ហេតុការណ៍៖

ករណីអគ្គិភ័យនៅភូមិបូរីកម្មករ៖ ឆេះផ្ទះអស់១៦ខ្នង និងខូចខាតសម្ភារមួយចំនួនធំ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះអគ្គីភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិបូរីកម្មករ(អតីតភូមិ ត្រពាំងឈូក) មុខមន្ទីពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អស់ផ្ទះឈើប្រកសង្ក័សីអស់១៥ខ្នង ផ្ទះថ្ម១ខ្នង សរុបទាំងអស់ចំនួន ១៦ខ្នង និងខូចខាតសម្ភារមួយចំនួនធំ ប៉ន្តែមិនមានអ្នករងរបួសនោះទេ ។

ករណីអគ្គិភ័យខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើ កាលពីវេលាម៉ោង ៦ និង១០នាទីល្ងាច ថ្ងៃច័ន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា ពស២៥៦១ ត្រូវនឹង ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិបូរីកម្មករ(អតីតភូមិ ត្រពាំងឈូក)ពីមុខមន្ទីពេទ្យលោកសង្ឃ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា អគ្គីភ័យនេះមិនទាន់ដឹងថាកើតឡើងដោយសារអ្វីនោះទេ ដោយមានប្រជាពលរដ្ឋខ្លះថាកើតឡើងមកពីការបង្កាត់ភ្លើងដាំបាយ អ្នកខ្លះថាទុស្សេខ្សែភ្លើង ។

បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងទៀត អគ្គីភ័យខាងលើនេះឆេះអស់រយៈពេលប្រហែលមួយម៉ោងកន្លះ ហើយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានី ចំនួន២១គ្រឿង អាវុធហត្ថផ្ទៃប្រទេសចំនួន ៤គ្រឿង រថយន្តរបស់ក្រសួងមហាផ្ទៃ ៣គ្រឿង រថយន្តរបស់ស្រាបៀរចំនួន ៣គ្រឿង សរុបរថយន្តពន្លត់អគ្គីភ័យរួមទាំងអស់ ៣១គ្រឿង និងប្រើទឹកអស់ ៣៥ឡាន ហើយភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃដដែល ។

ចំពោះមូលហេតុដែលបណ្តាលឲ្យមានអគ្គីភ័យនេះឆាបឆេះឡើងនៅ មិនទាន់ដឹង នៅឡើយទេរង់ចាំស្រាវជ្រាវបន្តទៀត ។

ដោយឡែកសមត្ថកិច្ចបានបញ្ជាក់ផងដែរថា អគ្គីភ័យខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សបាត់បង់ជីវិតទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ជាច្រើនតែប៉ុណ្ណោះ ៕តុង សីហា


ចែករំលែក៖