ព័ត៌មានទាន់ហេតុការណ៍៖

ត្រឡប់មកពីហូបការនៅព្រែកលាភវិញត្រូវក្រុមក្មេងទំនើងយកដុំថ្មដេញគប់កញ្ចក់រថយន្ត

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងត្រឡប់មកពីហូបការនៅព្រែកលាភវិញ ត្រូវក្រុមក្មេងទំនើងជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់យកដុំថ្មដេញគប់កញ្ចក់រថយន្តបណ្តាលឲ្យបែករងការខូចខាតកញ្ចក់ពីខាងក្រោយបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរចោមរោមមើលហេតុការណ៍។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង ២0 និង ១៥នាទី ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិពោធិ៍មង្គល់សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងជិះគ្នា២នាក់ពួកម៉ាក ដោយចេញមកពីហូបការគេនៅព្រែកលាភវិញ លុះពេលត្រឡប់មកដល់ចំណុចកើតហេតុខាងលើក៏ត្រូវជួបក្រុមក្មេងទំនើងមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅសេរីឆ្នាំ2017ពាក់ស្លាកលខភ្នំពេញ1GQ-3238 មកចង្អុលមុខរួចជិះដេញតាមពីក្រោយយកដុំថ្មគប់ដំដៅរថយន្តជនរងគ្រោះត្រូវកញ្ចក់ខាងក្រោយបណ្តាលឲ្យបែក ។ ដោយឃើញសភាពការដូច្នោះក៌បានទូរស័ព្ឌប្តឹងសមត្ថកិច្ចមកជួយអន្តរាគមន៍ ភ្លាមនោះសមត្ថកិច្ចដែលឈរជើងនៅក្បែរកន្លែងកើតហេតុនោះបានចេញមកជួយធ្វើអន្តរាគមន៍ធ្វើការឃាត់ខ្លួនជាក់ស្តែងបានភ្លាមៗផងដែរ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន ១/ ឈ្មោះ សៀង វាសនាភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរលាងរថយន្តមានទីលំនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ២/ ឈ្មោះ នុប សុចិត្រា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ និងទី៣ ឈ្មោះ ជ័យ ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកខណ្ឌស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា សម្ភារដែលត្រូវដកហូតបានក្នុងពេលធ្វើសកម្មភាពបំផ្លិចបំផ្លាញ(ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដៃ)រួមមាន១-ម៉ូតូម៉ាកC125សេរី២០១៧ពាក់ស្លាកលេខ ភ្នំពេញ1GQ.3238ចំនួន ០១គ្រឿង២-ដុំថ្មចំនួន០១ដុំយកមកសាកសួរនៅប៉ុស្តិ៍ព្រែកព្នៅ និងបានកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត៕ ព្រែកជ័យ


ចែករំលែក៖