ព័ត៌មានទាន់ហេតុការណ៍៖

នាំខ្លួនបុរស២នាក់ដល់តុលាការរឿងប្រើឈ្មោះជាអង្គរក្សដើរលក់ដីខ្យល់ និងក្លែងឯកសារទិញលក់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីតុលាការសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្រោមបទចោទឆបោក១ករណី កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ លោក សេង លាង ចៅក្រមសើុបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឲ្យមន្ត្រីពន្ធនាគារនាំខ្លួនបុរស២នាក់ដែលប្រើតួនាទីជាអង្គរក្សក្លែងក្លាយដើរលក់ដីខ្យល់បោកលុយពលរដ្ឋទៅសាកសួរបន្ថែមពាក់ព័ន្ធបទចោទ ៣ថ្មីបន្ថែមទៀត។

យោងតាមសេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា លោក សេង លាង ជាចៅក្រមសើុបសួរបានបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទទី១.ឈ្មោះ ស៊ុន សៀង ភេទប្រុស អាយុ៤៨ឆ្នាំ និងទី២.ឈ្មោះ ហេង សាន ភេទប្រុស អាយុ៤៥ឆ្នាំ មកសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរពាក់ព័ន្ធនឹងបទចោទ ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង និងឆបោក ដែលបានប្រព្រឹត្តកំឡុងឆ្នាំ២០១៣ នៅរាជធានីភ្នំពេញ យោងតាមមាត្រា៦២៧ មាត្រា៦២៨ មាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រៅពីក្លែងបន្លំ ប្រើប្រាស់ឯកសារក្លែង និងឆបោកប្រជាពលរដ្ឋរឿងទិញលក់ដីនោះ ជនត្រូវចោទទាំង២នាក់ខាងលើនេះ ថែមទាំងបានប្រព្រឹត្តតួនាទីជាកងអង្គរក្សក្លែងក្លាយទៅអួតអាងឲ្យប្រជាពលរដ្ឋជឿរជាក់ទៅលើពូួកគេ និងគំរាមដល់អាជ្ញាធរមូលដ្ឋានថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ជនទាំង២នាក់ដែលជាប់ពាក់ព័ន្ធនឹងករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ ដោយធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ១០០៦ ឃ១ដចន… ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ និងដីកាបង្កាប់ឲ្យនាំខ្លួនលេខ១០០៧ ឃ១ដចន.. ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ចេញដោយលោក វាន់ សែនវិសុទ្ធ ចៅក្រមសើុបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆបោកប្រាក់ដើមបណ្តឹងចំនួន៥មុឺនដុល្លារ ជាថ្នូរនឹងការយកទៅទិញដីឲ្យនៅខេត្តកំពត តែធាតុពិត ជនទាំង២នាក់នេះគ្មានដីឯណាឲ្យដើមបណ្តឹងនោះទេ៕ អារុណរះ


ចែករំលែក៖