ខេត្តពោធិ៍សាត់៖ ក្មេងទំនើងចំនួន ២ក្រុមបើកឆាកប្រយុទ្ធនៅលើវាលខ្សាច់ មាត់ស្ទឹងពោធិ៍សាត់ ប៉ុន្តែមិនបង្កការរងរបួសស្នាមអ្វីនោះឡើយ គ្រាន់តែរងការខូចខាត់ម៉ូតូចំនួន ២គ្រឿងប៉ុណ្ណោះ ខណៈនោះកម្លាំងនគរបាលចុះអន្តរាគមន៍ទាន់ពេលដោយឃាត់ខ្លួនក្រុមបង្កបានចំនួន ៥នាក់។
ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចវាលខ្សាច់មាត់ស្ទឹងក្បែរស្ពានសម្រេច ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីមន្រ្តីជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថា ករណីក្មេងនើងបង្កការវាយតប់គ្នាទីសាធារណៈខាងលើនេះ កម្លាំងចេញអន្តរាគមន៍ទាន់ពេលវេលាដោយឃាត់ក្រុមបង្កបានចំនួន ៥នាក់ ទី១ ឈ្មោះ សារិន ព្រេម ហៅអេម ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ ទី២ ឈ្មោះ រែម ភារម្យ ហៅចិត្ត ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ២នាក់ រស់នៅភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ទី៣ ឈ្មោះ ចែម ដាវឿន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ទី៤ ឈ្មោះ អ៊ូច វិត ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកណ្ដាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ និងទី៥ ឈ្មោះ អឿន អេ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រហស្បត្តិ៍ក្បាល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា ការដែលក្មេងៗទំនើទាំង ២ក្រុមទំនាស់ឈានដល់ការដេញវាយតប់គ្នានេះ ផ្ដើមចេញពីក្រុមម្ខាងបានយកស្ពិចឃ័រចាក់កំសាន្តលេងនៅទីនោះ នាំឲ្យប៉ះពាលដល់អារមណ៍ក្រុមម្ខាងទៀត និងអ្នកផ្សេងៗផងដែរដែលបានទៅកំសាន្តនៅទីនោះ ហើយក្រុមបង្កបានស្រែកហាមកុំឲ្យចាក់ឮខ្លាំងៗពេក និយាយឌៀមដាមឌឺដងដាក់គ្នាទៅមកៗ ភាគីខាងចាក់ស្ពីកឃ័របានជេប្រមាថក្រុមទំនាស់ ធ្វើឲ្យជនដៃដល់ទាំង ៥នាក់ក្ដៅស្លឹកត្រជៀកដេញវាយតែម្តង ប៉ុន្តែក្រុមចាក់ស្ពីកឃ័របាននាំគ្នារត់គេចបាតជើងសរព្រាតបាត់អស់ នៅសល់មធ្យោបាយ(ម៉ូតូ)ធ្វើដំណើរចំនួន ២គ្រឿងក៍បន្ធូរកំហឹងម្នាក់២.៣ដំបង បណ្ដាលឲ្យរងការខូចខាតបែកបាក់ម៉ូតូទាំង ២គ្រឿងតែម្ដង។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្រុមជនសង្ស័យបង្កបាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ហើយម្ចាស់ម៉ូតូជាអាណាព្យាលខាងរងគ្រោះបានដាក់ពាក្យបណ្ដឹងដោយមិនចង់វែងឆ្ងាយនោះទេ គ្រាន់តែតំរ៉ូវ និងទាមទារឲ្យជួសជុលម៉ូតូវិញទៅបានហើយ ទើបមន្រ្តីជំនាញព្រហ្មទណ្ឌរាយការណ៍ជូនថ្នាក់ និងសុំគោលការ រួចបានធ្វើការអប់រំធ្វើកិច្ចសន្យាត្រឹមត្រូវ និងតំរ៉ូវឲ្យអាណាព្យាបាលមកធានាយកទៅលំនៅដ្ឋានវិញ៕ ប៉ឹម ពិន