ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់យកប្រាក់ដុល្លារក្លែងក្លាយមកទិញទំនិញនៅក្រុងតាខ្មៅត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បានជិះរថយន្ដមួយគ្រឿងធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកក្រុងតាខ្មៅ ដោយយកប្រាក់ដុល្លារក្លែងក្លាយបន្លំទិញឥវ៉ាន់របស់ប្រជាពលរដ្ឋជាអាជីវករជាបន្ដបន្ទាប់គ្នា ចុងក្រោយបែកការត្រូវពលរដ្ឋជាអាជីវករប្ដឹងសមត្ថកិច្ចជួយអន្ដរាគមន៍ចាប់ខ្លួន នៅវេលាម៉ោង១៨ និង៣០នាទី ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១ ត្រង់ចំណុចផ្ទះលក់ភេសជ្ជៈ ស្ថិតក្នុងភូមិភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ សឺ ប៊ុនទ្រី ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ១០៩ ផ្លូវ២៧៤ សង្កាត់បឹងព្រលឹត ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះមាន៣នាក់ ទី១-ឈ្មោះ ផាវ សារិទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរេ មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ទី២-ឈ្មោះ លឹម លីម ភេទប្រុស អាយុ៥២ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៣-ឈ្មោះ ម៉ន អៀង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្នុងការចាប់ខ្លួននេះផងដែរសមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនរួមមាន៖ រថយន្ត១គ្រឿងម៉ាកTOYOTA pruis ពណ៌ក្រហម បិទស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-1163, ប្រាក់ដុល្លារក្លែងក្លាយចំនួន២, ៧០០ដុល្លារសហរដ្ឋអាមេរិក, ប្រាក់ដុល្លារពិតប្រាកដចំនួន២៩ដុល្លារសហរដ្ឋអាមេរិក, ប្រាក់រៀលចំនួន១០២, ៨០០រៀល, ស្រាបៀរABCចំនួន៣កេស, ប្រេងសាំងចំនួន១ប៊ីដុង មានចំណុះ៣០លីត្រ, អាគុយម៉ាកROCKETចំនួន២គ្រឿង និងទូរស័ព្ទដៃចំនួន១គ្រឿងម៉ាកLG ពណ៌ស ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សឺ ប៊ុនទ្រី បានជិះរថយន្តម៉ាក TOYOTA pruis ពណ៌ក្រហម បិទស្កុតពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AS-1163 ពីធ្វើដំណើរពីរាជធានីភ្នំពេញឆ្ពោះមកក្រុងតាខ្មៅ ដោយយកប្រាក់ដុល្លារក្លែងក្លាយ ក្រដាស់១០ៗចំនួន២, ៧០០ដុល្លារសហរដ្ឋអាមេរិក រួចចុះពីលើឡានទៅទិញស្រាបៀរ និងសាំងរបស់ជនរងគ្រោះចំនួន៣នាក់ដូចរៀបរាប់ខាងលើជាបន្តបន្ទាប់គ្នា ខណៈដែលទិញរួច ជនសង្ស័យក៏បានបើករថយន្ដចេញពីកន្លែងលក់ឆ្ពោះទៅទិញកន្លែងផ្សេងទៀត ។ ក្រោយមកជនរងគ្រោះបានដឹងថា ជនសង្ស័យទិញទំនិញរបស់ខ្លួនជាប្រាក់ដុល្លារក្លែងក្លាយ ភ្លាមនោះជនរងគ្រោះក៏តាមរកជនសង្ស័យឃើញនៅម្តុំផ្សារព្រែកហូរ ភ្លាមនើក៏បានឃាត់ខ្លួន រួចប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរួច សមត្ថកិច្ចបានពិនិត្យ និងដកហូតវត្ថុតាងខាងលើ រួចបញ្ជូនខ្លួនជនសង្ស័យរួមទាំងវត្ថុតាង មកអធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ ។

នៅចំពោះសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកប្រាក់ដុល្លារក្លែងក្លាយទៅទិញទំនិញរបស់ជនរងគ្រោះពិតប្រាកដមែន ហើយខ្លួនធ្លាប់បានយកប្រាក់ដុល្លារក្លែងក្លាយចំនួន១០០ដុល្លារនោះយកមកប្ដូរប្រាក់រៀលម្ដងរួចមកហើយ កាលពីថ្ងៃទី១៩ ខែឆ្នាំដដែល នៅចំណុចស្តុបស្ពានព្រែកហូរ ។ ចំពោះប្រាក់ដុល្លារក្លែងក្លាយទាំងនោះគឺខ្លួនបានមកពីជនម្នាក់ ភេទប្រុស អាយុ៥២ឆ្នាំ ទីលំនៅសង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ៕ ស្អាងជ័យ


ចែករំលែក៖