ព័ត៌មានទាន់ហេតុការណ៍៖

ខឹងសុំទាមួយក្បាលមកធ្វើម្ហូបក្លែមស្រាជាមួយក្លើមិនបានវាយឪពុកប៉ោងភ្នែក

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចនគរបាលខេត្តតាកែវឃាត់ខ្លួន និង កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ត្រូវនឹងទី២៤ ខែមករា ឆ្នាំ ២០១៨ ដោយសារតែរូបគេបានប្រើហិង្សាវាយឪពុកបង្កើតបណ្ដាលឲ្យរងរបួសហើមភ្នែកកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅ ចំណុចត្រពាំងទឹក ស្ថិតក្នុងភូមិត្រពាំងក្តី ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្ត តាកែវ ព្រោះតែខឹងសុំទាមួយក្បាលមកធ្វើម្ហូបក្លែមជាមួយមិត្តភក្តិមិនបាន ។

លោក ឌុក ធីយ៉ា អធិការនគរបាលស្រុក ត្រាំកក់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ូច អូក ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុបានវាយឪពុករបស់ខ្លួន ឈ្មោះ អ៊ូច អេន អាយុ៦៨ឆ្នាំ បណ្តាលឲ្យ រងរបួសបែកភ្នែកនិងហើមលើចិញ្ចើមខាងស្តាំ និងថែមទាំងយកចម្ពាមកៅស៊ូបាញ់ទាងាប់ធ្វើម្ហូបក្លែមជាមួយមិត្តភក្តិនោះមកបាញ់ ឪពុកចំនួន២គ្រាប់ទៀតផងតែសំណាងល្អ មិនត្រូវ ។

លោកអធិការបានបន្តថា ការកើតមាន ហិង្សាលើឪពុកដោយសារសុំទាមួយក្បាលធ្វើម្ហូបក្លែមស្រាជាមួយមិត្តភក្តិមិនបានគួប ផ្សំឪពុកស្តីបន្តោសផងនោះក៏មានការ ប្រតាយប្រតប់គ្នាបណ្តាលឲ្យជនរងគ្រោះ ដែលជាឪពុករងរបួសចំចិញ្ចើមហើមមុខ តែម្តង ។

តាមចម្លើយសារភាពរបស់ជនសង្ស័យជាកូនបានសារភាពថា មុនពេលកើតហេតុរូបគេកំពុងអង្គុយផឹកស៊ីជាមួយមិត្តភក្តិតែនៅពេលកំពុងផឹកស៊ីនោះមិត្តភក្តិបានសុំរូបគេឲ្យចាប់ទាមួយក្បាលមកធ្វើគ្រឿងក្លែមតែរូបគេបាននិយាយថា ចាំឪពុកគេឡើង លើផ្ទះសិនចាំរូបគេចាប់មកធ្វើម្ហូប។ ពេល នោះដោយមិត្តភក្តិរំអុកខ្លាំងពេករូបគេបានទាញចម្ពាមកៅស៊ូបាញ់ទាមួយក្បាលងាប់ធ្វើឲ្យភ្លាមៗនោះឪពុកឃើញក៏ស្តីបន្ទោស រូបគេរហូតមានការប្រតាយប្រតប់គ្នាតែម្តងទៅ ៕ សហការី


ចែករំលែក៖