ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បានបើករថយន្តមួយគ្រឿង ម៉ាកកាមរីបាឡែន គេចពីម៉ូតូ ហើយក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្តាលឲ្យរថយន្តបែកយ៉ានកង់ខាងមុខរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកកាមរីបាឡែន ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល 2B-5515 លុះធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាក បានបើកវ៉ាយ៉ាងលឿន ធ្វើឲ្យរថយន្តធ្វើឲ្យគាត់ភ្ញាក់ព្រឹត ក៏ទាញចង្កូតគេចជ្រុលទៅបុកបង្គោលភ្លើងទាំងកំរោល បណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងស្តាំដោយបែកយ៉ានកង់ខ្ទេចទៅមុខលែងរួច ។ ចំណែកបង្គោលភ្លើងរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ ដោយត្រួតពិនិត្យមើលមិនឃើញមានការខូចខាតអ្វីដល់សម្បត្តិរដ្ឋ និងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ក៏បានឲ្យរថយន្តស្ទូចឯកជនមកស្ទូចយករថយន្តបង្កទៅជុសជួលដោយធ្វើខ្លួនឯងផងដែរ ៕ស រស្មី