ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់ម្ដាយកូនចុះអូសមងយកត្រីនៅស្រះ លង់ទឹកស្លាប់កូនស្រី ម្ដាយជួយសង្គ្រោះទាន់ពេល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ពីរនាក់ម្ដាយនិងកូនស្រីបាននាំគ្នាចុះអូសមងយកត្រីនៅស្រះ បណ្តាលឲ្យលង់ទឹកស្លាប់កូនស្រី រីឯម្ដាយជួយសង្គ្រោះទាន់ពេល បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១០នាទីព្រឹក ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅ​ចំណុច​ភូមិ​ព្រៃ​ធ្នង់ ឃុំ​រមាំង​ថ្កោល ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។

តាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានប្រាប់កាសែតនគរវត្តថា ក្មេងស្រីដែលលង់ទឹកស្លាប់មានឈ្មោះ ប៉ែន ស្រី​នាង អាយុ​១៧​ឆ្នាំ មុខរបរសិស្ស ខណៈម្ដាយត្រូវអ្នកភូមិជួយសង្គ្រោះទាន់ពេលមានឈ្មោះ រស់ សុ​ម៉ាលី អាយុ​៣៥​ឆ្នាំ មុខរបរកសិករ មានទីលំនៅ ​ភូមិ​ព្រៃ​ធ្នង់ ឃុំ​រមាំង​ថ្កោល ស្រុក ស្វាយទាប។

តាមឪពុកឈ្មោះប៉ែន សា​មន អាយុ​៣៦​ឆ្នាំមុខរបរកសិករបានរៀបរាប់ទាំងអួលដើមកថា នៅ​មុនពេល​កើតហេតុ​ ប្រពន្ធ និង​កូន​បាននាំគ្នា​ទៅ​ចុះ​អូស​ត្រី​នៅក្នុង​បៀរ​ខាងលិច​ផ្ទះដើម្បីទុកធ្វើម្ហូបពេលថ្ងៃត្រង់ លុះប្រមាណជាងកន្លះម៉ោង ខណៈដើរ​អូស​​ចូលដល់​កន្លែង​ទឹក​ជ្រៅ​មិនប្រយត្ន័ក៏ផុត​ជើង​បណ្តាល​ឲ្យ​រអឺលលង់ទឹក​ទាំងពីរ​នាក់​បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាជួយទាញនិ ងសង្គ្រោះ ប៉ុន្តែអកុសសជួយបានតែម្ដាយ ចំណែកកូនស្រីមិនចេះហែលទឹកផង ក៏លង់ស្លាប់ ។

ក្រោយមកស្ត្រីជា ម្តាយ​ត្រូវអ្នកភូមិ​ជួយដឹកមកសង្គ្រោះ​នៅ​មន្ទីរ​ខត្ត​ស្វាយរៀង​ភ្លាមៗ ចំណែកសព​ក្មេងស្រី​រងគ្រោះ​ត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ទៅឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖