ខេត្តកំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿង ដែលគេស្គាល់ថា ជារបស់មន្ត្រីយោធាម្នាក់នៅស្រុកទឹកផុស បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ និងសុទ្ធតែឈើប្រណីតចេញពីក្នុងរថយន្ត ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹក ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៥ ស្ពានទី១ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថិច្ចបានឲ្យដឹងថា រថយន្តដែលក្រឡាប់នេះ ម៉ាកតូយ៉ូតាស៊ីណា ពាក់ស្លាកលេខភ្នំពេញ ភ្នំពេញ ២N-០២០៩ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងដំណើរពីកំពង់ឆ្នាំង ទៅភ្នំពេញ បានបើកក្នុងល្បឿនយ៉ាងលឿន ក្នុងពេលដែលមេឃភ្លៀងស្រិចៗ នៅពេលដល់ចំណុចកើតហេតុក៏រេចង្កូត ក្រឡាប់ធ្លាក់ប្រឡាយ តែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅពិនិត្យមើលរថយន្តទើបឃើញ សុទ្ធតែឈើប្រណីតពេញរថយន្ត ប៉ុន្តែមិនឃើញម្ចាស់រថយន្តនោះទេ ។ បើតាមប្រភពពីសមត្ថិកិច្ចដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា រថយន្ត ដែលដឹកឈើក្រឡាប់នេះ ជារថយន្តរបស់មន្រ្តីយោធា ឈ្មោះកែវ រុន នៅឃុំអភិវឌ្ឍន៍ស្រុកទឹកផុស ។
រថយន្តជារៀងរាល់ថ្ងៃគេតែងតែឃើញបើកតាមផ្លូវជាតិលេខ៥ ពុំដែលឃើញមានសមត្ថកិច្ចបានដឹង ឬ ឃាត់នោះទេ ទើបតែពេលក្រឡាប់ហើយ គេឃើញមានសមត្ថកិច្ច អាវុធហត្ថ និង នគរបាលស្រុក ចុះមកមើល និងយករថយន្តស្ទូចមកស្ទូចរថយន្តដឹកយកទៅ ទុកនៅសង្កាត់់រដ្ឋបាលព្រៃឈើកំពង់ត្រឡាច ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមនីតិវិធី ។
តាមប្រភពបានឲ្យដឹងថា ជានិច្ចកាលរថយន្តដឹកឈើគ្រប់ប្រភេទ តែងតែបានឆ្លងកាត់ភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង ដែលមានសមត្ថកិច្ចចំរុះនៅតាមផ្លូវ ប៉ុន្តែកម្រដែលឃើញសមត្ថកិច្ចឃាត់បានណាស់ ទាល់តែក្រឡាប់ និង ជួបឧប្បត្តិហេតុផ្សេងៗទើបសមត្ថកិច្ចនាំគ្នាទៅចោមរោមមើល យកមកទុកនៅកន្លែងប៉ុណ្ណោះ ៕ ចន្ថា