ព័ត៌មានទាន់ហេតុការណ៍៖

ក្របួចក្រុមជួញដូរនិងប្រើប្រាស់ថ្នាំញៀន៣នាក់ រឹបអូសថ្នាំញៀន៧កញ្ចប់

ចែករំលែក៖

ខេត្តក្រចេះ៖ កាលពីវេលាម៉ោង៩ និង១០នាទី យប់ ថ្ងៃចន្ទ ១៣កើត ខែ មាឃ ឆ្នាំរកា សព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល ដឹកនាំដោយ លោកអនុសេនីយ៍ឯក ម៉ៅ សុផុន មេបញ្ជាការរង បានដឹកនាំកម្លាំងចុះ បង្ក្រាបករណីជួញដូរគ្រឿងញៀនចំនួន២ គោលដៅ នៅចំណុចចំការកៅស៊ូ ភូមិប៉ោដើមស្វាយ ឃុំក្រញួងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ និងនៅភូមិប៉ោដើមស្វាយ ឃុំក្រញួងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ឃាត់ជនសង្ស័យ៣នាក់ រឹបអូសថ្នាំញៀន មួយចំនួន ។

មន្រី្តកងរាជអាវុធហត្ថស្រុកស្នួល បានឲ្យដឹងថាមុនពេលកើតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល បានទទួលព័ត៌មានពីកម្លាំងសម្ងាត់ថានៅចំណុចខាងលើមានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនកំពុងធ្វើសកម្មភាពក៏ចុះទៅបង្ក្រាបហើយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ រួមនឹងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក ចំនួន៧ កញ្ចប់ , ម៉ូតូចំនួន ១ គ្រឿង , ជញ្ជីងថ្លឹងសារធាតុញៀនចំនួន១ គ្រឿង ,ដាវចំនួន២ , រថយន្តចំនួន១គ្រឿង ,កាបូបលុយ ១ , ប្រាក់រៀលចំនួន ៤៩,០០០រៀល និងសម្ភារ:មួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តក្រចេះចាត់ការតាមច្បាប់៕ សហការី


ចែករំលែក៖