ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃទី២នៃការតវ៉ារឿងប្រាក់ខែ របស់កម្មករ សំណង់សណ្ឋាគារ អេម៉ារីអូក្រុងព្រះសីហនុ បន្ទាប់ពី មានការចូលរួមសម្របសម្រួលពីសំណាក់មន្ត្រីជំនាញនៃមន្ទីរការងារ និងវិជ្ជាជីវៈខេត្តកាលពីថ្ងៃទី៣០ ខែមករា មិនទទួលបានជោគជយ័។
ករណីតវ៉ាដ៏ក្តៅគគុកនាថ្ងៃទី២នេះ បានកើតឡើងនៅការដ្ឋានសំណង់ សណ្ឋាគារ និងភោជនីយដ្ឋាន អេម៉ារីអូ មុខព្រះរាជដំណាក់ ស្ថិតនៅក្រុម30 ភូមិ3 សង្កាត់3 ក្រុងព្រះសីហនុ -ខេត្តព្រះសីហនុនាព្រឹកថ្ងៃទី៣១ ខែមករានេះ។
មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា មានកម្មករសំណង់ច្រើននាក់ ក្នុងចំណោមកម្មករ បំរើក្នុងការដ្ឋានទាំងអស់ចំនួន ៤៥៧ នាក់ បានបន្ត ប្រមូលផ្តុំចូលដល់ថ្ងៃទី២ តវ៉ាជាមួយ ម្ចាស់ការដ្ឋាន ដោយបើកគ្រឿងចក្រ យកមក ដាក់បាំងមាត់ផ្លូវក្លោងទ្វារ ចូលសណ្ឋាគារ និង រមនីយ៍ដ្ឋាន អេម៉ារីអូ ដោយមានលើកបដាផ្សេងៗ ។
សមត្ថកិច្ចដែលឃ្លាំមើលហេតុការណ៍នេះ បង្ហាញពីមូលហេតុថា ដោយសារខាងម្ចាស់ការដ្ឋានសំណង់សណ្ឋាគារ និងរមនីយ៍ដ្ឋាន ខាងលើ មិនបានបើកប្រាក់ខែអោយកម្មករ យឺតយ៉ាវ ដោយពុំបានបើកប្រាក់ខែ ចំនួន ៣ខែរួចមកហើយ (ខែវិច្ឆិកា-ធ្នូ ឆ្នាំ ២០១៧ និងខែមករា ឆ្នាំ ២០១៨ ) ។
បើតាមសមត្ថកិច្ចលើកយកការអះអាងរបស់លោកស្រី ជូ តារារ៉េត ហៅ ធាវី អាយុ ៤៨ ឆ្នាំជនជាតិ ខ្មែរ ជាថៅកែសហគ្រាសខាងលើបានទទួលសារភាពថា ការយឺតយ៉ាវក្នុងការបើកប្រាក់ខែ អោយកម្មករនេះ ដោយសារមានបញ្ហាក្នុងគ្រួសារ ( មានរឿងក្តីនៅតុលាការ ) និងសូមអោយកម្មករមានការយោគយល់ ប៉ុន្តែបងប្អូនកម្មករទាំងអស់ដែលកំពុងខ្វះខាតជីវភាពដែរនោះ មិនឯកភាពយល់ព្រម ដោយខាងកម្មករយល់ឃើញថា: ខាងម្ចាស់ការដ្ឋានសំណង់ពុំទទួលខុសត្រូវ ទើបក្រុមកម្មករនៅបន្តប្រើសិទ្ធិធ្វើការប្រផ្តុំតវ៉ា លើក ទី២ ដើម្បីអោយមានដំណោះស្រាយ ។
ទោះជាយ៉ាងនេះក្តី ភាគីមន្ទីរជំនាញនៅតែអះអាងថា នឹងចូលរួមសម្របសម្រួលជាមួយ ក្រុមអ្នកតវ៉ា ជានិច្ច ផងដែរ ៕ ឆ្លាមសមុទ្រ