ព័ត៌មានទាន់ហេតុការណ៍៖

តខ្សែភ្លើងទៅឆក់ត្រីនៅស្រះជិតផ្ទះ ភ្លាត់ស្នៀតជាន់ចំខ្សែដំណឆក់ខ្លួនឯងសន្លប់

ចែករំលែក៖

ខេត្តព្រៃវែង ៖ បុរសម្នាក់តខ្សែភ្លើងបំណងទៅឆក់ត្រីនៅស្រះជិតផ្ទះ តែបែរជាភ្លាត់ស្នៀតឆក់ខ្លួនឯងបណ្ដាលឲ្យសន្លប់ស្ដូកស្ដឹងត្រូវបងប្អូនជួយសង្គ្រោះបឋម កាលពី រសៀលថ្ងៃអង្គារ ១៤កើត ខែបុស្ស ឆ្នាំ រកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រោក ឃុំជីផុច ស្រុកមេសាង ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈាន រ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិកើតហេតុ បានយកខ្សែភ្លើងតចរន្តភ្លើងពីផ្ទះឈ្មោះ ឆាន់ រ៉ុម ភេទប្រុស អាយុ ៣៥ឆ្នាំ នៅក្បែរផ្ទះរបស់ខ្លួន ដើម្បីឆក់យកត្រីនៅក្បែរស្រះខណៈដែលម្ចាស់ផ្ទះមិននៅ ។ ពេលតចរន្តភ្លើងរួច ក៏ដើរពង្រាយខ្សែគោលបំណងទៅឆក់ត្រីស្រះនៅខាងជើងផ្ទះចម្ងាយប្រហែល ៧០ម៉ែត្រ តែពេលជនរងគ្រោះដើរដល់ស្រះ ក៏ជាន់ខ្សែភ្លើងមានតំណបណ្តាលឲ្យឆ្លងចរន្តឆក់សន្លប់តែម្តង ។ បន្ទាប់ពីកើតហេតុភ្លាមៗ បងប្អូនបានយកបុរសខាងលើមកកប់ដីខ្សាច់ជួយសង្គ្រោះនៅក្នុងភូមិ និងបានដឹកយកទៅកាន់មន្ទីរពេទ្យរួចពីសេចក្តីស្លាប់ ៕ សហការី


ចែករំលែក៖