ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរកា នព្វ ស័ក ព.ស.២៥៦១ត្រូវនឹងថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៨ថា ឧត្តមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ ទំនងព្រំដែនកម្ពុជា-ថៃដែលយកចានគប់ ទៅត្រូវក្បាលក្មេងស្រីរត់តុនៅក្រុងប៉ោយប៉ែតនោះលោកនឹងគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់សមត្ថកិច្ចតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ឯកបានអះអាងថា ក្រៅពីចំណាត់ការតាមផ្លូវច្បាប់លោកក៏នឹងដាក់ទោសតាមវិន័យរបស់កងទ័ពដោយមិន បណ្ដោយឲ្យបុគ្គលរូបនេះរួចខ្លួន និងធ្វើអ្វី តាមតែអំពើចិត្តនោះទេ។ លោកឧត្តម សេនីយ៍ឯកបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ទី១-វាខុសនឹងច្បាប់កងយោធពលខេមរភូមិន្ទ, ទី២-ថ្នាក់ឧត្តមសេនីយ៍មិនមែន បំពាក់ឲ្យអ្នកឯងយកអំណាចនេះទៅគាប សង្កត់ប្រជាពលរដ្ឋ ឬប្រើអំពើព្រៃផ្សៃបង្ក ឲ្យមានរបួសស្នាមយ៉ាងនេះបានទេ ហើយក៏មិនអាចយកថវិកាប៉ុណ្ណឹងទៅបន្សាបជនរងគ្រោះបានដែរ។ ខ្ញុំត្រូវតែប្រឈមនឹងដោះស្រាយបញ្ហានេះអនុវត្តទៅតាមវិន័យកងយោធពលខេមរភូមិន្ទគឺខ្ញុំមិនអនុញ្ញាតឲ្យមន្ដ្រីណាមួយរបស់កងទ័ពកិច្ចការព្រំដែនបង្ក ឬធ្វើឲ្យមានស្នាមរបួសដល់អ្នកណា ម្នាក់ហើយរួចខ្លួនពីសំណាញ់ច្បាប់នោះទេ» ។
លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា វិធានការផ្លូវច្បាប់យ៉ាងដាច់ណាត់នេះ ដើម្បីការពារមុខមាត់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទដែល ធ្លាប់មានប្រពៃណីល្អជាមួយប្រជាជនជា ដរាបមក ។
សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ត្រី នេត សំអាត អនុប្រធានការិយាល័យទំនាក់ ទំនងព្រំដែនកម្ពុជា-ថៃបានទៅផឹកស៊ីនៅ ភោជនីយដ្ឋានស្រះត្រជាក់ចិត្តថ្មីមានគ្នីគ្នាប្រមាណជា៨ទៅ៩នាក់ ស្ថិតនៅសង្កាត់ ប៉ោយប៉ែត។ លុះផឹកអស់ស្រាបៀរប្រហែល ៣-៤កេសពេលក្មេងស្រីអ្នករត់តុដើរទៅ បន្ទប់ទឹកក៏ត្រូវលោកផ្កាយ១យកចានគប់ទៅជញ្ជាំងអាចចំសសរ ឬពិតានបែកចានខ្ទាតកម្ទេចទៅលើក្មេងស្រីនោះចំកណ្ដាលថ្ងាសបណ្ដាលឲ្យបែកក្បាលពីរកន្លែងដេរអស់៤ថ្នេរ ៕ សុខដុម