ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃអង្គារ ១៣ កើត ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្រុមហ៊ុនភឺន ផល្លា យកគ្រឿងចក្រមកកាយយកអាចម៍ដីនៅភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោង ទង ដល់ក្បាលប្រេតគ្មានអាជ្ញាធរណាហ៊ាន អើតក្បែរ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិអង្គ តាឡឹក ឃុំសំបូរ ស្រុកសំរោងទងបានឲ្យ ដឹងថា ក្រុមហ៊ុនភឺន ផល្លា បានមកទិញដីចម្ការនៅម្តុំភូមិរបស់ប្រជាពលរដ្ឋ ហើយ បានយកគ្រឿងចក្រជាច្រើនគ្រឿងមក កាយយកអាចម៍ដីដែលមានទំហំក្បាលដីទទឹង៥០ម៉ែត្រ បណ្តោយ៥០០ម៉ែត្រ ជម្រៅពី១២ទៅ១៥ម៉ែត្រ ។
ប្រភពដដែលបានបន្តថា ការកាយដី ដែលមានរណ្តៅទ្រង់ទ្រាយធំនិងជ្រៅបែបនេះទៅថ្ងៃមុខពួកគាត់មានការព្រួយបារម្ភ ដល់កូនចៅ គោក្របីធ្លាក់ចូលក្នុងរណ្តៅនោះពិតជាស្លាប់មិនខានឡើយ។ រណ្តៅ ដែលក្រុមហ៊ុន ភឺន ផល្លា កាយយកអាចម៍ដីនោះគឺកាយត្រង់ចុះក្រោមគ្មានជើងទេរទេ។ ដូច្នេះនៅពេលដល់រដូវវស្សាភ្លៀងធ្លាក់ពិតជាបាក់ដីស្រែចម្ការខូចភោគផលដំណាំ របស់ពួកគាត់ដែលនៅជិតរណ្តៅដីនោះ មិនខាន ។
គួររំលឹកថា ការកាយដីដែលមានជម្រៅ ដ៏ជ្រៅរបស់ក្រុមហ៊ុនខាងលើពិតជាល្មើស នឹងច្បាប់កំណត់ទោះជាក្រុមហ៊ុននោះមានអាជ្ញាបណ្ណក៏ដោយមិនអាចកាយដីជម្រៅលើសពី៤ទៅ៥ម៉ែត្រឡើយ។ យ៉ាងណាក៏ដោយគេមិនឃើញអាជ្ញាធរខេត្តនិងមន្ទីរ ជំនាញក្នុងខេត្តកំពង់ស្ពឺចាត់វិធានការនោះឡើយ ៕ ហេង សូរិយា