ព័ត៌មានទាន់ហេតុការណ៍៖

ចៅក្រម​ស៊ើបសួរ​ បន្ត​សួរ​ចម្លើយ​អតីត​ឧបនាយករដ្ឋមន្ត្រី​ ញឹក​ ប៊ុន​ឆៃ​ រឿង​គ្រឿងញៀន​ដ៏​ធំ​នៅ​ខេត្ត​កំពង់​ស្ពឺ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ញឹក​ ប៊ុន​ឆៃ​ អតីត​មាន​ងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ ជា​អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ ឬ​ ប៉េហ្ស៊ី​ បញ្ជូន​មក​តុលាការ​ដើម្បី​សាកសួរ​បន្ថែម​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ដ៏​ធំ​នៅ​ខេត្ត​កំពង់​ស្ពឺ​ ។ ខណៈ​នេះ​ ជនត្រូវចោទ​ ញឹក​ ប៊ុន​ឆៃ​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ លី​ លីបម៉េង​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

យោង​តាម​សេចក្ដី ថ្លែងការណ៍ របស់ អយ្យការ អម សាលា ដំបូង រាជធានី ភ្នំពេញ បញ្ជាក់ ថា លោក ញឹក ប៊ុន ឆៃ អាយុ ៥៩ឆ្នាំ ត្រូវ បាន ចោទប្រកាន់ ចំនួន ពីរ បទល្មើស គឺ បទ សម គំនិត ក្នុង បទ ផលិត គ្រឿង ញៀន និង បទ នាំ ចូល សារធាតុ ញៀន សម្រាប់ ផ្សំ គ្រឿងញៀន តាម មាត្រា ២៩នៃ ក្រម ព្រហ្មទណ្ឌ មាត្រា ៣៨.១ថ្មី ចំណុច ទី ៤ និង មាត្រា ៣២.១ថ្មី ចំណុច ៤-ង នៃ ច្បាប់ស្ដីពី វិសោធនកម្ម ច្បាប់ ស្ដីពី ការ ត្រួតពិនិត្យ គ្រឿងញៀន ឆ្នាំ ២០០៥ ។

លោក ញឹក ប៊ុនឆៃ អតីត​ប្រធានគណបក្សខ្មែររួបរួមជាតិត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០១៧​ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណុចគីឡូម៉ែត្រលេខ៨១-៨២ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ផលិតគ្រឿង ញៀនដ៏ធំមួយដោយទីតាំងនោះ ត្រូវបានគេដឹងថា ជាកម្មសិទ្ធិរបស់ឈ្មោះ ជា ជុង ដែលគេដឹងថា គឺជាទីប្រឹក្សារបស់លោកឧបនាយករដ្ឋមន្ត្រីញិក ប៊ុនឆៃ ។

ក្នុងនោះសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានរកឃើញវត្ថុធាតុដើមសំរាប់ផលិតគ្រឿងញៀនជាច្រើន ហើយគេក៏បានឃើញរថយន្តកាមរីពណ៌សដាក់ស៊ីរ៉ែន ពាក់ស្លាកលេខរដ្ឋ ដែលគេដឹងថា រថយន្តស៊ីរ៉ែននេះគឺសំរាប់បើកនាំមុខក្បួនរថយន្តរបស់លោកឧបនាយករដ្ឋមន្ត្រី ញិក ប៊ុនឆៃ ចតនៅទីនោះដែរ។

តាមសាក្សីដែលជាប្រជាពលរដ្ឋជិតខាង និងកម្មករមើលថែដី គេអះអាងថា ទីតាំងនេះ គឺជាកសិដ្ឋានចិញ្ចឹមគោ ប៉ុន្តែគេឧស្សាហ៏ឃើញលោក ញិក ប៊ុនឆៃ ចេញចូលទីនោះញឹកញាប់ ជាពិសេសជាមួយឈ្មោះ ជា ជុង ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារក្នុងបទល្មើសផលិតគ្រឿងញៀននៅទីនោះ រួមជាមួយជនជាតិ ចិន២នាក់ ជនជាតិថៃម្នាក់ ដែលជាអ្នកបច្ចេកទេសក្នុងការលាយថ្នាំសំរាប់ផលិតគ្រឿងញៀន ក្រោមលេសផលិតថ្នាំសំរាប់ធ្វើជីដាំស្មៅឲ្យគោស៊ី៕ ចេស្តា


ចែករំលែក៖