ខេត្តបាត់ដំបង៖ មនុស្សចំនួន១៨នាក់ត្រូវបានកម្លាំងនគរបាលខេត្តបាត់ដំបង ចាប់ឃាត់ខ្លួន ខណៈដែលកម្លាំងនគរបាលបានចុះបង្ក្រាបទីតាំងល្បែងស៊ីសងកត់លេខឆ្នោតចំនួន ៤កន្លែង កាលពីរសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ ក្នុងស្រុកកំរៀង និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី ឈឿង គឹមសុង នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ប្រាប់ឱ្យដឹងថា ក្នុងចំណោមជនសង្ស័យដែលបានឃាត់១៨នាក់ ក្នុងនោះអ្នកលក់ចំនួន ៥នាក់ និងអ្នកចាក់លេងល្បែងចំនួន១៣នាក់ដកហូតវត្ថុតាងមួយចំនួន បញ្ជូនមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
លោក ប្រាប់ឱ្យដឹងទៀតថា ដោយអនុវតតាមគោលនយោបាយភូមិឃុំមានសុវត្ថភាព ក៏ដូចជាបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ស្នងការ ក្នុងវិធានការបង្ក្រាបទប់ស្កាត់រាល់បទល្មើស និងល្បែងស៊ីសងខុសច្បាប់នៅខេត្តបាត់ដំបង។លោកក៏បានណែនាំទៅដល់ក្រុមមេលក់កន្ទុយលេខឆ្នោត និងចាក់ទាំង១៨នាក់ ឲ្យបញ្ឈប់សកម្មភាពប្រព្រឹត្តលក់ និងលេងល្បែងស៊ីសងគ្រប់ប្រភេទចាប់ពីថ្ងៃនេះតទៅ ព្រោះគ្រប់ល្បែងស៊ីសងទាំងអស់ វាជាអំពើខុសច្បាប់និងបានបង្កឱ្យប៉ះពាល់សង្គមផងដែរ។
បច្ចុប្បន្នជនដែលពាក់ព័ន្ធល្បែងស៊ីសងខាងលើ ត្រូវបានឃាត់ខ្លួននៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីណែនាំ អប់រំ និងធ្វើកិច្ចសន្យា រួចទើបឲ្យវិលត្រឡប់ទៅផ្ទះវិញ៕ សំ វិច្ឆិកា